របៀបដែល អង់គ្លេស លួចលុយ ៤៥ ទ្រីលានដុល្លារ ពីប្រទេសឥណ្ឌា
រឿងរ៉ាវមួយត្រូវបានគេនិយាយជាទូទៅ នៅក្នុងចក្រភពអង់គ្លេសដែលនោះគឺ «ការដាក់អាណានិគម លើប្រទេសឥណ្ឌាមិនបានផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ណាមួយដល់ចក្រភពអង់គ្លេសនោះទេ»។
តាមពិត អង់គ្លេសទៅវិញទេដែលជាអ្នកត្រូវរ៉ាប់រងចំណាយទៅលើរដ្ឋាភិបាលឥណ្ឌា។ ដូច្នេះការពិតគឺថា «ឥណ្ឌាអាចរស់មកដល់ពេលនេះក៏ ដោយសារកាយវិការ សប្បុរសរបស់អង់គ្លេស»។
ការសិក្សាស្រាវជ្រាវថ្មីមួយដោយសេដ្ឋវិទូដ៏ល្បីឈ្មោះម្នាក់ គឺលោក ស្រី Utsa Patnaik បានលើកឡើងផ្ទុយគ្នាពីទស្សនៈខាងលើនេះ។
លោកស្រី Patnaik បានគណនាឃើញថា៖
«អង់គ្លេស បានបូមយកលុយពីឥណ្ឌាសរុបជិត ៤៥ ទ្រីលានដុល្លារក្នុងអំឡុងឆ្នាំ ១៧៦៥ ដល់ ១៩៣៨ ដោយផ្អែកលើទិន្នន័យលម្អិតស្តីពីពន្ធនិងពាណិជ្ជកម្មកាលពីជិត ២ សតវត្សរ៍មុន»។
នេះគឺជាផលបូកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ បើគិតក្នុងតម្លៃបច្ចុប្បន្ន ទំហំទឹកប្រាក់ ៤៥ ទ្រីលានដុល្លារពេលនោះ គឺស្មើនឹង ១៧ ដងនៃ GDP ប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេសសព្វថ្ងៃ។
រឿងរ៉ាវបានកើតឡើងដោយសារប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម។ នៅមុនសម័យអាណានិគម អង់គ្លេស បានទិញទំនិញ ដូចជា វាយនភណ្ឌ និងអង្ករ ពីអ្នកផលិតជនជាតិឥណ្ឌានិងបានបង់ប្រាក់ឱ្យពួកគេតាម របៀបធម្មតាដូចដែលពួកគេបានធ្វើជាមួយប្រទេសផ្សេងៗទៀត ដែរ ដែលភាគច្រើនត្រូវបានទូទាត់ដោយប្រើប្រាក់ (Silver) ។
ប៉ុន្តែភ្លាមៗបន្ទាប់ពីក្រុមហ៊ុនឥណ្ឌាខាងកើត (East India Company) របស់អង់គ្លេសបានឡើងកាន់កាប់ប្រទេសឥណ្ឌាទាំងមូលនៅឆ្នាំ ១៧៦៥ ក្រុមហ៊ុននេះបានបង្កើតភាពផ្តាច់មុខលើការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។
ក្រុមហ៊ុនឥណ្ឌាខាងកើតបានចាប់ផ្តើមប្រមូលពន្ធនៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់មកក៏បានយកប្រាក់ចំណូលមួយ ចំនួន (ប្រហែល ១/៣) ទៅទិញទំនិញឥណ្ឌា ដើម្បីបំពេញតម្រូវការ ប្រើប្រាស់របស់អង់គ្លេស។
និយាយមួយបែបទៀត «ជំនួសឱ្យការទិញទំនិញឥណ្ឌាដោយបង់ប្រាក់ ពាណិជ្ជករអង់គ្លេសបានទិញទំនិញទាំងនោះដោយឥតគិតថ្លៃ តាមរយៈការទិញទំនិញពីកសិករនិងអ្នកតម្បាញជនជាតិឥណ្ឌា ដោយប្រើប្រាស់ប្រាក់ដែលប្រមូលបានពីពួកគេ»។
សកម្មភាពនេះគឺជាការបោកប្រាស់និងជាសកម្មភាពចោរកម្មទ្រង់ទ្រាយធំ។ ប៉ុន្តែប្រជាជនឥណ្ឌាភាគច្រើនមិនបានដឹងអំពីអ្វីដែលបាននិងកំពុងកើតឡើងនោះទេ ពីព្រោះភ្នាក់ងារដែលប្រមូលពន្ធនិងអ្នកដែលមកទិញ ទំនិញ មិនមែនជាមនុស្សតែមួយ។
ទំនិញដែលលួចបានមួយចំនួន ត្រូវបាន ប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេស ហើយទំនិញដែលនៅ សេសសល់ត្រូវបាន នាំចេញបន្តទៅកាន់កន្លែងផ្សេងទៀត។
ប្រព័ន្ធនៃការនាំចេញបន្ត បានធ្វើឱ្យអង់គ្លេសមានលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់លំហូរនៃការនាំចូលពីអឺរ៉ុប បូករួមទាំងសម្ភារៈយុទ្ធសាស្រ្តផងដែរ ដែលរួមមាន ដែក, ជ័រ និងឈើ ដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មរបស់អង់គ្លេស។
វាជាការពិតមិនអាចប្រកែកបានដែលថា «បដិវត្តឧស្សាហកម្ម របស់អង់គ្លេសបាន ពឹងផ្អែកមួយភាគធំទៅលើការលួចជាប្រព័ន្ធពីប្រទេសឥណ្ឌា»។
លើសពីនេះអង់គ្លេសអាចលក់ទំនិញដែលលួច បានទៅឱ្យប្រទេសផ្សេងទៀតក្នុងតម្លៃដ៏ថ្លៃ។ ដូច្នេះ ពួកគេមិនត្រឹមតែប្រមូលប្រាក់ថ្លៃដើមរបស់ទំនិញ ១០០% ដាក់ហោប៉ៅបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវតម្លៃបន្ថែមពីទំនិញទាំងនោះថែមទៀតផង។
បន្ទាប់ពីអង់គ្លេស បានឡើងកាន់កាប់អំណាចនៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ ១៨៥៨ អង់គ្លេសបានបន្ថែមការផ្លាស់ប្តូរពិសេសថ្មីមួយទៅក្នុងប្រព័ន្ធពន្ធនិងការទិញ (Tax-and-Buy System)។
ខណៈពេលដែល ភាពផ្តាច់មុខរបស់ក្រុមហ៊ុនឥណ្ឌាខាងកើតត្រូវបានលុបបំបាត់ អ្នកផលិតរបស់ឥណ្ឌាត្រូវបានអនុញ្ញាតឱ្យនាំចេញទំនិញរបស់ពួកគេដោយផ្ទាល់ទៅកាន់បរទេស។ ប៉ុន្តែចក្រភពអង់គ្លេសបានតម្រូវឱ្យពួកគេធ្វើការទូទាត់លើមុខទំនិញទាំង នោះនៅទីក្រុងឡុងដ៍។
តើការងារនេះ ដំណើរការទៅយ៉ាង ដូចម្តេច?
ជាទូទៅអ្នកណាដែលចង់ទិញទំនិញពីឥណ្ឌានឹងត្រូវប្រើរូបិយបណ្ណពិសេស «Council Bills» ដែលជាក្រដាសប្រាក់ ដែលចេញដោយអង់គ្លេស។
ហើយមធ្យោបាយតែមួយគត់ដើម្បីទទួលបានរូបិយបណ្ណនោះ គឺការទិញវាពីទីក្រុងឡុងដ៍ដោយប្រើមាស ឬប្រាក់។ ដូច្នេះពាណិជ្ជករនឹងបង់ថ្លៃជាមាសនៅទីក្រុងឡុងដ៍ដើម្បីទទួលបានរូបិយបណ្ណ ហើយបន្ទាប់មកគេត្រូវប្រើរូបិយបណ្ណនោះដើម្បីទិញទំនិញឥណ្ឌា។
នៅពេលប្រជាជន ឥណ្ឌាយករូបិយបណ្ណទាំងនោះទៅប្ដូរនៅតាមការិយាល័យអាណានិគម ពួកគេនឹងទទួលបាននូវប្រាក់រូពី (rupees) ដែលជាប្រាក់ទទួលបានពីការប្រមូលពន្ធពីពួកគេ។ ដូច្នេះ ជាថ្មីម្តងទៀត ពួកគេមិនបានទទួលប្រាក់កម្រៃទាល់តែសោះ ដោយពួកគេបានរងនូវការបោកប្រាស់។
ប្រព័ន្ធពុករលួយនេះបានធ្វើឱ្យមានឱនភាពនៃគណនីជាតិនៅក្នុងប្រទេសឥណ្ឌា ពីព្រោះប្រាក់ចំណូលពិតប្រាកដពីការនាំចេញរបស់ប្រទេសឥណ្ឌាបានធ្លាក់ទៅក្នុងដៃចក្រភពអង់គ្លេស។
ទន្ទឹមនឹងនេះ «ឱនភាព» នេះមានន័យថា ឥណ្ឌានឹងគ្មានជម្រើសអ្វីក្រៅពីខ្ចីប្រាក់ពីអង់គ្លេសដើម្បីផ្គត់ផ្គង់ការនាំចូលរបស់ខ្លួន។ ដូច្នេះប្រជាជនឥណ្ឌាទាំងអស់ត្រូវបានបង្ខំឱ្យជំពាក់បំណុលម្ចាស់អាណានិគមរបស់ពួកគេ ដែលបញ្ហានេះបានជួយពង្រឹងការគ្រប់គ្រងរបស់អង់គ្លេសបន្ថែមទៀត។
ចក្រភពអង់គ្លេស បានប្រើផលប្រយោជន៍ពីប្រព័ន្ធក្លែងបន្លំនេះដើម្បីបង្កើនឥទ្ធិពលនៃអំពើហិង្សាបែបចក្រពត្តិនិយម ដោយបានផ្តល់ហិរញ្ញប្បទានដល់ការឈ្លានពានទៅលើប្រទេសចិននៅទសវត្សរ៍ឆ្នាំ ១៨៤០ និងការបង្ក្រាបការបះបោរឥណ្ឌា (Indian Rebellion) នៅឆ្នាំ ១៨៥៧ ។
ហើយនេះគឺជាចំណុចដ៏សំខាន់មួយ ដែលបង្ហាញថា «ម្ចាស់អាណានិគមបានទាញយកប្រយោជន៍ពីប្រជាជន ឥណ្ឌាទៅចំណាយនៅក្នុងសង្គ្រាមរបស់ខ្លួន»។
ដូចដែលលោក ស្រី Patnaik គូស បញ្ជាក់៖
«ការចំណាយលើសង្គ្រាមរបស់អង់គ្លេសទាំងអស់នៅខាងក្រៅព្រំដែនឥណ្ឌា មួយភាគធំ ឬទាំងស្រុងគឺទទួលបានពីចំណូលរបស់ឥណ្ឌា» ។
អង់គ្លេសក៏បានប្រើលំហូរនៃសួយសារអាករពីឥណ្ឌាដើម្បីផ្តល់ហិរញ្ញប្បទានដល់ការពង្រីកមូលធននិយម នៅក្នុងតំបន់អឺរ៉ុប និងនៅតំបន់ដែលអឺរ៉ុបកាន់កាប់ផងដែរ ដូចជានៅកាណាដា និងអូស្ត្រាលីជាដើម។
ដូច្នេះ វាមិនត្រឹមតែបម្រើឱ្យវិស័យឧស្សាហកម្មរបស់អង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបម្រើឱ្យវិស័យឧស្សាហកម្មនៅបណ្តាប្រទេសលោកខាងលិចភាគច្រើនផងដែរ។
លោកស្រី Patnaik បានចែកដំណាក់កាលសេដ្ឋកិច្ចជា ៤ ផ្សេងគ្នានៅ ពេលឥណ្ឌាស្ថិតក្រោមអាណានិគមអង់គ្លេសពីឆ្នាំ ១៧៦៥ ដល់ឆ្នាំ ១៩៣៨ ដោយធ្វើការគណនា និងស្រង់ទិន្នន័យចេញតាមដំណាក់កាលនីមួយៗ បន្ទាប់មកធ្វើការបូកបញ្ចូលគ្នានៅក្នុងអត្រាការប្រាក់ដ៏ទាបមួយ (ប្រហែល ៥% ដែលជាអត្រាទាបជាងទីផ្សារ) ហើយលោកស្រីបានរកឃើញថា «បរិមាណទឹកប្រាក់ដែលអង់គ្លេសបានលួចមានចំនួនរហូត ដល់ ៤៤,៦ ទ្រីលានដុល្លារ»។
លោកស្រីបាននិយាយថា តួរលេខនេះគឺជាតម្លៃពីមុន (មិនមែនតម្លៃបច្ចុប្បន្ន) ហើយដែលមិនបានរាប់បញ្ចូលនូវបំណុល ដែលចក្រភពអង់គ្លេសបានដាក់លើប្រទេសឥណ្ឌាក្នុងអំឡុងពេលអាណានិគមនោះទេ។
នេះគឺជាផលបូក ដែលមានចំនួនច្រើនហួសប្រមាណ។ ប៉ុន្តែទំហំពិតប្រាកដនៃការ លួចនេះគឺមិនអាចគណនាបាននោះទេ។ ប្រសិនបើឥណ្ឌាអាចយកចំណូលពន្ធនិងចំណូលពីការដោះដូរទំនិញជាមួយបរទេស ទៅវិនិយោគលើការអភិវឌ្ឍប្រទេស ដូចដែលជប៉ុនបានធ្វើនោះ ប្រាកដណាស់ឥណ្ឌានឹងមិនមែនជាឥណ្ឌាសព្វថ្ងៃនេះទេ។
ឥណ្ឌាច្បាស់ជានឹងអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ ហើយភាពក្រីក្រ និងការរងទុក្ខអស់រយៈពេលរាប់រយឆ្នាំអាចនឹងមិនកើតមាននោះទេ។
ទាំងអស់នេះគឺជាថ្នាំបន្សាបទៅនឹងការលើកឡើងដ៏ពិរោះស្ដាប់ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេស ដែលក្នុងនោះប្រវត្តិវិទូអភិរក្សនិយមលោក Niall Ferguson បានអះអាងថា «ការគ្រប់គ្រងរបស់អង់គ្លេសបានជួយអភិវឌ្ឍប្រទេសឥណ្ឌា» ខណៈដែល លោក David Cameron បានអះអាងកាលពីពេលដែលលោកនៅជានាយករដ្ឋមន្ត្រីថា «ការគ្រប់គ្រងរបស់អង់គ្លេសគឺជាការជួយប្រទេសឥណ្ឌា»។
ហើយការស្ទង់មតិរបស់ YouGov កាល ពីឆ្នាំ ២០១៤ បានបង្ហាញថា «ប្រជាជនអង់គ្លេសចំនួនពាក់កណ្ដាលជឿថា អាណានិគមបានផ្ដល់ប្រយោជន៍ដល់ប្រទេសដែលស្ថិតនៅក្រោមអាណានិគម»។
ផ្អែកលើប្រវត្តិនៃការដាក់អាណានិគមពីសំណាក់អង់គ្លេស លើប្រទេសឥណ្ឌារយៈពេល ២០០ ឆ្នាំពេញ ការកើនឡើងនូវប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ នៅក្នុងប្រទេសឥណ្ឌាមិនបានកើតមាននោះទេ ដោយក្នុងនោះប្រាក់ចំណូលនៅឥណ្ឌាបានធ្លាក់ចុះពាក់កណ្តាល ហើយអាយុរំពឹងរស់ជាមធ្យមរបស់ ប្រជាជនឥណ្ឌាក៏បានធ្លាក់ចុះ ២០% (១/៥) ពីឆ្នាំ ១៨៧០ ដល់ ១៩២០ ខណៈពេលដែលមនុស្ស ១០ លាននាក់ បានស្លាប់ដោយសារគ្រោះទុរភិក្សដែលបង្កឡើងដោយគោលនយោបាយរបស់អង់គ្លេស។
បើតាមការសិក្សារបស់លោកស្រី Patnaik «អង់គ្លេសមិនបានអភិវឌ្ឍប្រទេសឥណ្ឌានោះទេ។ ផ្ទុយទៅវិញ ឥណ្ឌាទៅវិញទេដែលជាអ្នកអភិវឌ្ឍអង់គ្លេស»៕ Al Jazeera