ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស ប្រាប់ទៅប្រជាជនរបស់ខ្លួនកុំឱ្យទៅលេងប្រទេសថៃនៅក្នុងវិស្សមកាលរដូវក្តៅនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស ប្រាប់ទៅប្រជាជនរបស់ខ្លួនកុំឱ្យទៅលេងប្រទេសថៃនៅក្នុងវិស្សមកាលរដូវក្តៅនេះ លោក Matt Hancock រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស

រដ្ឋមន្ត្រីសុខាភិបាលប្រទេសអង់គ្លេសបាន ប្រាប់ទៅប្រជាជន របស់ខ្លួនកុំឱ្យទៅលេងប្រទេសមួយចំនួនដូចជាប្រទេសថៃជាដើមដែល «អង់គ្លេសបានកំណត់ សញ្ញាពណ៌ទឹកក្រូច» នៅអំឡុងថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេ។

លោក Matt Hancock បានលើក ឡើងថា «ប្រទេសដែលត្រូវបានកំណត់ សញ្ញាពណ៌ទឹកក្រូចតាមពណ៌របស់ភ្លើងស្តុបទាំងនោះ រួមមាន អ៊ីតាលី, បារាំង, អេស្បាញ, ក្រិក, វៀតណាម, កម្ពុជា និងថៃ» ។ ពណ៌ដែលដាក់ទាំងនោះ គឺតំណាងឲ្យស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនីមួយៗ។

លោកបានលើក ឡើងថា ផ្ទុយពីការទៅលេងនៅប្រទេសទាំងនោះ ប្រជាជនអង់គ្លេសអាចធ្វើ ដំណើរកំសាន្តនៅក្នុងប្រទេស «ឬមួយជ្រើសរើសប្រទេសណាមួយពីក្នុង ចំណោមប្រទេសដែលបានកំណត់ សញ្ញាពណ៌បៃតងចំនួន 12 ដែលរួមមាន ព័រទុយហ្កាល់,អូស្ត្រាលី, នូវែលសេឡង់ ឬសិង្ហបុរី ជាដើម» ។ ប៉ុន្តែ ភាគច្រើននៃបណ្តាប្រទេសពណ៌បៃតងទាំងនោះមិនបើកទ្វារទទួលភ្ញៀវទេសចរនោះទេ។

សម្រាប់ប្រជាជនអង់គ្លេសដែលទទូចចង់ទៅលេងប្រទេសថៃ នឹងប្រឈមជាមួយឧបសគ្គជាច្រើនដែលរួមមាន វិញ្ញាបនបត្រអនុញ្ញាតឱ្យចូលប្រទេសថៃ (Certificate of Entry) ដែលចេញដោយស្ថានទូតថៃនៅទីក្រុងឡុងដ៍, ការ បញ្ជាក់សុខភាព ព្រមទាំងការធានារ៉ាប់រងជំងឺ Covid-19 ដែល មានតម្លៃយ៉ាងហោចណាស់ 3 លានបាត។

ក្នុងនោះ ក៏មានដែរការបង់ប្រាក់ដោយខ្លួនឯងសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅពេលទៅដល់ បូករួមទាំងការរឹតបន្តឹងនានាក្នុងការ សំរាកលំហែនៅតាមឆ្នេរសមុទ្រនៃរាជាណាចក្រមួយនេះ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ក៏ត្រូវបានគេលុបចេញពីគម្រោងដំណើរកំសាន្តផងដែរ ដោយសារតែការចំណាយច្រើនលើការធ្វើដំណើរទៅវិញទៅមក។

ក្តីសង្ឃឹមដ៍ធំបំផុតរបស់ប្រទេសថៃដែលថា គ្រប់ប្រភេទទេសចរណ៍នឹងអាចវិលត្រឡប់មកវិញនៅឆ្នាំនេះ ដែលត្រូវបានប្រកាសឱ្យដឹងជាលើកដំបូងដោយអាជ្ញាធរខេត្តភូកេតនោះ កំពុងស្ថិតនៅក្នុងគ្រោងការ សាកល្បងនៅឡើយ។

ប្រភពទេសចរណ៍បន្ទាប់សម្រាប់រាជាណាចក្រមួយនេះ គឺអ្នកទេសចរណ៍ដែលមកពីប្រទេសជប៉ុន និងចិន។ ប៉ុន្តែ ដោយសារផែនការនៃការចាក់វ៉ាក់សាំងរបស់ប្រទេសថៃមានមិនដល់ ២% នៃចំនួនប្រជាជនសរុបផងនោះ ជាហេតុធ្វើឱ្យគំនិតដែលថា ខ្លួននឹងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ហាក់ដូចជានៅឆ្ងាយពីការពិតនៅឡើយ។

វិធានការសុវត្ថិភាពថ្នាក់ជាតិនិងថ្នាក់ខេត្ត បានបិទបារ, ក្លឹបកំសាន្ត ព្រមទាំងមណ្ឌលកំសាន្តជា ច្រើន រហូតដល់មាន ការជូនដំណឹងជាថ្មី។ ការទទួលទានអាហារនៅក្នុងហាង នៅតែត្រូវបានអនុញ្ញាត ប៉ុន្តែមិន
អនុញ្ញាតឱ្យសេពគ្រឿងស្រវឹងនោះទេ ដែលនេះមានន័យថា ការធ្វើដំណើរទៅប្រទេសថៃដោយចំណាយច្រើន និងស្នាក់នៅតែក្នុងសណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក ប្រហែលជាមិនមែនជាថ្ងៃឈប់សម្រាករដូវក្តៅដ៏រីករាយមួយ ដែលពលរដ្ឋអង់គ្លេស រំពឹងទុកនោះទេ។

ទន្ទឹមនេះដែរ ទីក្រុងបាងកករួមជាមួយនិងបណ្តាខេត្តជាច្រើន របស់ថៃ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៩ ៦៣៥ ករណី និងមានអ្នកជំងឺចំនួន ២៥ នាក់បានស្លាប់ ក្នុងរយៈពេលតែ ២៤ម៉ោង ប៉ុណ្ណោះ។ ហើយក្នុង ចំណោមនោះ មាន ៦ ៨៥៣ ករណីជាការឆ្លងនៅក្នុងពន្ធនាគារ នៅទីក្រុងបាងកក។ ដូចនេះ អ្នកឆ្លងថ្មីក្រៅពីការឆ្លងនៅក្នុងពន្ធនាគារ មានចំនួន ២ ៧៨២ ករណីនៅក្នុងរបាយការណ៍កាលពីថ្ងៃចន្ទ៕ The Thaiger