លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិនិងអន្តរជាតិ ជាពិសេសអ្នកដោះមីន ដែលបានខិតខំក្នុងកិច្ចការបោសសម្អាតមីន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសស្រឡាញ់សុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរ និងបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសម្រាលទុក្ខលំបាករបស់បណ្តាប្រទេសដែលរងផលប៉ះពាល់ដូចគ្នាតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្រ្វ៊ិកកណ្តាល សរុបចំនួន ៧ ១២៣នាក់ (នារី ៤១៩នាក់)។
នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ ជាពិសេសប្អូនៗ ក្មួយៗ ជាអ្នកដោះមីន ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ៕