ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
រាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស រាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស

រាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសារលិខិតជូនរួមជាតិ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗ ជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តន៍ជាប់ជាប្រចាំ ស្របតាមការអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជន ។

លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា មកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាល សម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញជាដើម។ សារលិខិតបានបន្តថា ជាក់ស្តែង ក្នុងឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ ផ្លូវជាតិលេខ១១ មានប្រវែង៩៦គីឡូម៉ែត្រ ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១ មានប្រវែង៩៥គីឡូម៉ែត្រ ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៦ មានប្រវែង៤៩គីឡូម៉ែត្រ និងផ្លូវ៣៤ខ្សែ មានប្រវែង៨២គីឡូម៉ែត្រនៅក្រុងព្រះសីហនុ។ ថ្មីៗនេះ បានដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) មានប្រវែង១,១៣១មែត្រ និងការបើកការដ្ឋានសាងសង់និងកែលម្អផ្លូវ៣៨ខ្សែ មានប្រវែង១០៨គីឡូម៉ែត្រ នៅក្រុងសៀមរាប។

សារលិខិតបានបន្ថែមថា ផ្លូវជនបទក្រាលកៅស៊ូ នៅតាមបណ្តាខេត្តមួយចំនួន បានស្ថាបនារួចរាល់១០០ភាគរយ មាន ជាអាទិ៍ (១) ផ្លូវ៩ខ្សែ ប្រវែង១៩៣គីឡូម៉ែត្រនៅខេត្តត្បូងឃ្មុំ, (២) ផ្លូវ១០ខ្សែប្រវែង១២៥គីឡូម៉ែត្រនៅខេត្តពោធិ៍សាត់, (៣) ផ្លូវ៨ខ្សែប្រវែង១០១គីឡូម៉ែត្រនៅខេត្តបាត់ដំបង, (៤) ផ្លូវ៥ខ្សែ ប្រវែង៩០គីឡូម៉ែត្រ នៅខេត្តបន្ទាយមានជ័យ និង(៥)ផ្លូវ៦ខ្សែ ប្រវែង៥០គីឡូម៉ែត្រ នៅខេត្តកំពង់ចាម៕

អត្ថបទទាក់ទង