ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពលីដំណើរការជួសជុលខ្លោងទ្វារ តាកាវ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 19
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពលីដំណើរការជួសជុលខ្លោងទ្វារ តាកាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពលីដំណើរការជួសជុលខ្លោងទ្វារ តាកាវ

ដើម្បីជាការរួមចំណែកអភិរក្ស និងលើកតម្លៃខ្លោងទ្វារតាកាវនេះឡើងវិញ នៅរសៀលថ្ងៃ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានសហការជាមួយវិស័យឯកជន ប្រារព្ធពិធីប្រុងពលីដើម្បីដំណើរការជួសជុលខ្លោងទ្វារតាកាវក្រោមការឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍។

កម្មវិធីនេះប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ ការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅក្នុងឱកាសនោះ លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានបង្ហាញពីសេចក្តីរីករាយនិងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវចូលរួមជួសជុល ស្ថាបនាសាជាថ្មី នៃសំណង់បុរាណក្នុងតំបន់អង្គរ ឱ្យរួចផុតពីការបាក់បែកដោយគ្រោះធម្មជាតិ និងភាពចាស់ទ្រុឌទ្រោមនៃអាយុកាល និងដើម្បីឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះមហាវីរៈក្សត្រ និងមហាបុព្វបុរសគ្រប់រូប/គ្រប់អង្គ។

លោកជំទាវរំពឹងយ៉ាងមុតមាំថា ក្រោយការជួសជុលរួចគ្រប់ចម្លាក់ដែលបាក់បែកទាំងអស់នេះនឹងក្រោកឈរឡើងវិញញញឹមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងច្រើនកុះករជាងលើកមុនៗទ្វេដង។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ គឺជារបាំងការទីក្រុងដ៏មាំទាំបំផុតមួយនៅក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ មានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត ដែលកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ បច្ចុប្បន្នខ្លោងទ្វារតាកាវ បានរងនូវការទ្រុឌទ្រោមខ្លាំងមិនអាចអនុញ្ញាតឱ្យរថយន្តធ្វើដំណើរឆ្លងកាត់បានឡើយ។ ការទ្រុឌទ្រោមនេះដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាល នៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះ និងអភិរក្ស៕

អត្ថបទទាក់ទង