ខ្មែរប៉ុស្ដិ៍ Close

ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួមពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ ជាមួយនឹងការ​ប្រកាន់​ខ្ជាប់នូវស្មារតីបង្ការការចម្លងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួមពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ ជាមួយនឹងការ​ប្រកាន់​ខ្ជាប់នូវស្មារតីបង្ការការចម្លងជំងឺកូវីដ-១៩ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួមពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ ជាមួយនឹងការ​ប្រកាន់​ខ្ជាប់នូវស្មារតីបង្ការការចម្លងជំងឺកូវីដ-១៩

ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលមកពីខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ បានមកជួបជុំគ្នានៅភ្នំព្រះរាជទ្រព្យ(ឧត្ដុង្គ) ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ ខេត្ត​កណ្ដាល ដើម្បីប្រារព្ធពីធីបុណ្យមាឃបូជា ដែលត្រូវបានរៀបចំដោយគណៈកម្មាធិ​ការរៀបចំ​បុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីពិធីនេះបានអាក់ខានកាលពីឆ្នាំ២០២០ ដោយ​សារ​ការរីរាលដាលនៃជំងឺកូវីដ-១៩នោះ។

យាង និងអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានេះដែរ មានវត្តមាន លោកជំទាវកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា​និងអធិការកិច្ច សម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ ព្រមទាំង ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ ដោយឡែក​ឯកអគ្គរដ្ឋ​សាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តំណាងស្ថានទូតជប៉ុន វៀតណាម មីយ៉ាន់ម៉ា និងថៃ ក៏មានវត្តមានក្នុងពិធីបុណ្យមាឃបូជានេះផងដែរ។ ពិធីនានាខាងសាសនា ត្រូវបាន​ធ្វើឡើងនៅទីលានឧបដ្ឋានសាលាខាងកើតព្រះមហាសក្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យ ដែល​​រួមមានប្រកាសបួងសួង នមស្សការព្រះរតនត្រ័យ និងសមាទានសីល ប្រកាសមាឃ បូជា វេរភត្តប្រគេនព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា ព្រមទាំងអាចារ្យឧទ្ទិសកុសល។ បន្ទាប់​មក ក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៨០អង្គផងដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងពិធីនេះដែរ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់​អនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួនតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ ការចម្លងជំងឺ​កូវីដ-១៩ ដោយសារកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងការ​រីករាលដាល​ជំងឺកូវីដ-១៩នោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃ​ព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១នេះ គឺជាថ្ងៃបុណ្យមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់​បំផុត​នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បី​រម្លឹក​ដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេស​ឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់​ដឹងរបស់​ព្រះអង្គចំនួន៩ខែគត់។ ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ​យើង​បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួម​ចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ​លើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ សម្ដេចតេជោនាយករដ្ឋ​មន្រ្ដី​ក៏សូមប្រគេនពរដល់ព្រះតេជ​គុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តី​សុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

បើយោងតាមប្រវត្តិមាឃបូជាបានបង្ហាញថា បុណ្យមាឃបូជា គឺជាបុណ្យរម្លឹកដល់ថ្ងៃ​នៃ​ការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត ១ ២៥០ អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែមាឃក្នុងឆ្នាំរកា មុនពុទ្ធសការាជ ៤៤ ឆ្នាំ ដែលជាថ្ងៃបក្ខត្តឬក្សធំមួយរបស់​ព្រះសក្យមុនី​គោតម​បរមគ្រូនៃយើង ដែលសន្និបាតបែបនេះ មានតែមួយគត់ក្នុងពុទ្ធកាលរបស់ព្រះអង្គ។ បុណ្យមាឃបូជាគឺជាបុណ្យថ្វាយគ្រឿងសក្ការៈ ចំពោះព្រះរតនត្រ័យនៅថ្ងៃពេញ​បូណ៌មី​​ខែ​មាឃ មិនមែនជាបុណ្យបូជាចំពោះខែមាឃត្រង់ៗទេ គឺជាការបូជាគ្រឿងសក្ការៈ​ចំពោះព្រះ​រតនត្រ័យ ដែលប្រព្រឹត្តទៅក្នុងខែមាឃ នាថ្ងៃពេញ បូណ៌មី តាមរបៀបព្រះពុទ្ធសាស​នាសុទ្ធ​សាធ ឥតមានលាយឡំដោយពិធីព្រាហ្មណ៍សោះឡើយ។ នៅក្នុងរាត្រីកាលនៃថ្ងៃពេញបូណ៌មី ខែមាឃមានព្រះច័ន្ទរះពេញវង់ភ្លឺត្រចះត្រចង់ ព្ធដ៏នភាល័យពាសពេញផ្ទៃមេឃប្រកបដោយ​មាឃ​នក្ខត្តឫក្ស។

រាត្រីនោះជាអភិលក្ខិតកាលដ៏ធំមួយរបស់ព្រះពុទ្ធសាសនា ដែលពុទ្ធសានិ​កជន​នៅក្នុងពិភពលោកនិយមរាប់អានថា ជាទិវាមហាអស្ចារ្យ និងជាមហាមង្គលដ៏ប្រសើរ ព្រមទាំងបាននាំគ្នាចាត់ចែងគ្រឿងសក្ការៈ ដ៏ប្រណិត មានប្រទីបជ្វាលា ទៀន ធូប និងកម្រង​ផ្កាជាដើម បូជាចំពោះព្រះសក្យមុនីចេតិយជាទីតម្កល់ព្រះបរមសារីរិកធាតុ និងឧទ្ទេសិកតិយ​គឺព្រះពុទ្ធបដិមាដែលប្រតិស្ឋាននៅទីផ្សេងៗ មានវត្តអារាមជាដើម ឧទ្ទិសចំពោះព្រះសក្យមុនី​គោតម បរមសម្មាសម្ពុទ្ធ និងព្រះអរហន្ត សាវ័កទាំងឡាយ ដែលទ្រង់បរិនិព្វាន និងនិព្វាន​ទៅជាយូរអង្វែងហើយដោយបានប្រជុំគ្នាស្ដាប់ព្រះសង្ឃស្វាធ្យាយព្រះធម៌ និងស្ដាប់ព្រះសទ្ធម្ម​ទេសនាដោយគោរព ព្រមទាំងបានសន្មត ថ្ងៃពេញបូណ៌មីខែមាឃនេះថា ជាថ្ងៃបុណ្យ​មាឃ​បូជារាល់ៗប្រទេសកាន់ព្រះពុទ្ធសាសនា ជាប់ជាប្រពៃណីតៗមក។ នៅក្នុងប្រទេសកម្ពុជា​យើង​ក៏បានធ្វើបុណ្យ មាឃបូជា ដូចប្រទេសពុទ្ធសាសនិកទាំងពួងដែរ។ ទន្ទឹមនេះ តាំងពី​រជ្ជកាលព្រះបាទសម្ដេចស៊ីសុវត្ថិ ព្រះមុនីវង្សមក រាជរដ្ឋាភិបាលបានកំណត់ថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅយ៉ាងខ្លីថា «ថ្ងៃមាឃបូជា» ជាថ្ងៃបុណ្យខាង​ព្រះពុទ្ធ​សាសនា៕

អត្ថបទទាក់ទង