ខ្មែរប៉ុស្ដិ៍ Close

សត្វទន្សោងឈ្មោលមួយក្បាលទៀតស្លាប់ដោយសារព្រានបាញ់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 54
សត្វទន្សោងឈ្មោលមួយក្បាលទៀតស្លាប់ដោយសារព្រានបាញ់ សត្វទន្សោងឈ្មោលមួយក្បាលទៀតស្លាប់ដោយសារព្រានបាញ់

សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានរកឃើញថា ស្លាប់ក្នុងសភាពស្អុយរលួយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០នេះ ហើយឯកឧត្តមបានដឹងថាក្រុមការងារចម្រុះដែលដឹកនាំដោយព្រះភិក្ខុ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យនិងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធមានមន្ត្រីនគរបាល និងទាហានបានធ្វើការពិនិត្យលើសពសត្វទន្សោង ហើយសន្និដ្ឋានថាសត្វទន្សោងដែលបានស្លាប់ជាច្រើនថ្ងៃមកហើយនេះសង្ស័យត្រូវបានស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងព្រោះបានរកឃើញថាមានបាក់ឆ្អឹងជំនីចំនួន ២ កាំនៅផ្នែកខាងឆ្វេង។ សាកសពសត្វទន្សោងនេះត្រូវបានដឹកមកកាន់ទីស្នាក់ការសហគមន៍ព្រៃសង្ឃរុក្ខវ័ន ហើយបើតាមព្រះភិក្ខុ ប៊ុន សាលួត សាកសពសត្វទន្សោងនេះនឹងត្រូវធ្វើពិធីបង្សុកូលឧទ្ទិសកុសលតាមបែបពុទ្ធសាសនា រួចហើយនឹងកប់ទន្ទឹមនឹងសាកសព ទន្សោងដែលបានស្លាប់កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ។

នេះជាសត្វទន្សោងទី៦ ហើយដែលត្រូវបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ សត្វទន្សោងទី៥ ដែលបានរកឃើញកាលពីថ្ងៃទី២៤ ខែឧសភា និងបានស្លាប់ដោយការជាប់អន្ទាក់របស់ព្រានព្រៃក្រោយពីការខិតខំជួយសង្គ្រោះជីវិតសត្វទន្សោងនេះពីពេទ្យសត្វខណៈទន្សោងញីឈ្មោលផ្សេងទៀតចំនួន ៤ ក្បាលបានស្លាប់ដោយជាប់អន្ទាក់ និងដោយសារអន្ទាក់ឆក់កាលពីដើមឆ្នាំ ២០២០។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វកម្រ ដោយសារស្នាដៃក្រុមព្រានព្រៃគ្មានក្តីមេត្តា ហើយបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្សនិងសហគមន៍ព្រៃសង្ឃរុក្ខវ័នបន្តសហការគ្នាស្អិតរមួតបន្ថែមទៀតដើម្បីរឹតបន្តឹងបន្ថែមលើការអនុវត្តច្បាប់ និងត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋដែលចូលព្រៃដើម្បីដកហូតអនុផលព្រៃឈើផ្សេងៗដើម្បីកុំឱ្យពួកគាត់លួចលាក់អាវុធពិត ឬអាវុធកែច្នៃ អន្ទាក់ចូលទៅក្នុងព្រៃ ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ បរបាញ់សត្វ និងដាក់អន្ទាក់សត្វ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា យើងត្រូវបន្តស៊ើបអង្កេតស្វែងរកជនខិលខូចដែលប្រព្រឹត្តបទល្មើសបរបាញ់សត្វដាក់អន្ទាក់សត្វ ហើយសូមស្នើសុំបងប្អូនប្រជាពលរដ្ឋដែលបានដឹងព័ត៌មានពីជនបំផ្លាញសត្វព្រៃ សូមជួយផ្តល់ការសហការនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីអនុវត្តច្បាប់។

ឯកឧត្តមបានថ្លែងថាចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងយ៉ាងហោចចំនួន ១០ ក្បាលហើយដែលបានរកឃើញថា ស្លាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ៦ ក្បាល (ឈ្មោល ៣ ក្បាល និងញី ៣ ក្បាល) ស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ និង ២ ក្បាលក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់ សម្លាប់ និងកូនទន្សោងញី ១ ក្បាលរកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរីដោយសារតែជាប់អន្ទាក់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាសកម្មភាពនៃការលួចបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមាន ហើយអន្ទាក់គឺជាឃាតកលាក់មុខបន្តសម្លាប់សត្វព្រៃ ជារៀងរាល់ថ្ងៃ។ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានបង្ក្រាបនិងទប់ស្កាត់ជារៀងរាល់ថ្ងៃ។ នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២០ គឺពីខែមករាដល់ខែមេសា អន្ទាក់ចំនួនជាង ១០០០០ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើង កាំភ្លើងកែច្នៃ និងស្នាតេះដែលប្រើសម្រាប់ការបរបាញ់សត្វ ចំនួនជាង ៣០០ ដើមត្រូវបានដកហូត។ នៅឆ្នាំ ២០១៩ កន្លងទៅអន្ទាក់ជាង ២០០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិដើម្បីការពារសត្វព្រៃ ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថាតាមរបាយការណ៍សិក្សារបាយប្រជាជនសត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែ
ប៉ុណ្ណោះ។ ប្រទេសថៃនិងប្រទេសឥណ្ឌូណេស៊ីក៏មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាពដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ៕

អត្ថបទទាក់ទង