ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អំពាវនាវសូមឲ្យអ្នកចូលក្លិប N8 ពីចាប់ថ្ងៃទី០៤ ដល់ ១៩ ខែកុម្ភៈ និងអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ធ្វើចត្តាឡីស័ក និងធ្វើតេស្តកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ
អនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសថ្លែងសារជូនជនរួមជាតិនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ, ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលកម្សាន្តនៅក្លិប N8 ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ និងអ្នកដែលពាក់ព័ន្ធករណីវិជ្ជមានក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងធ្វើតេស្តរកកូវីដ-១៩ ជាចាំបាច់ នៅមណ្ឌលសុខភាពចាក់អង្រែ។
ការអំពាវនាវនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋ និងបងប្អូនដែលបានចូលក្លិប N8 នៅម្តុំស្តាតអូឡាំពិក និងអ្នកជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចូលរួមសហការក្នុងការឈានទៅបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ឲ្យបានឆាប់។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ៖
«សូមប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដែលមានពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាពាក់ព័ន្ធនឹងក្លិប N8 ឬពាក់ព័ន្ធជាមួយករណីវិជ្ជមាន កូវីដ-១៩ នៃព្រឹត្តិការសហគមន៍ ២០កុម្ភៈ សូមមេត្តារួសរាន់ទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលសុខភាពចាក់អង្រែ ហើយធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត ធ្វើដូច្នេះដើម្បីចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ក្នុងរាជធានីភ្នំពេញ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះ ផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ-១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពាកូវីដ-១៩ ៣ការពារ និង៣កុំ ដើម្បីឈានដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានឆាប់៕