ខ្មែរប៉ុស្ដិ៍ Close

លោក ម៉ែន វិបុល ជំរុញដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានម៉ឹងម៉ាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 4
លោក ម៉ែន វិបុល ជំរុញដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានម៉ឹងម៉ាត់ លោក ម៉ែន វិបុល ជំរុញដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានម៉ឹងម៉ាត់

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែនដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ពិធីនេះរៀបចំនៅ២ទីតាំង ដែលទីតាំងទី១ រៀបចំនៅចំណុចក្បែរបង្គោលព្រំដែនលេខ ១៦៨ ស្ថិតនៅភូមិតាបឹប សង្កាត់ច្រកម្ទេស ក្រុងបាវិត និងទីតាំងទី២ រៀបចំនៅចំណុចក្បែរបង្គោលព្រំដែនលេខ ១៨៩ ស្ថិតនៅផ្លូវចំការម្ទេស ឃុំទួលស្ដី ស្រុកចន្ទ្រា ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុងបាវិត លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុកចន្ទ្រា លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មន្ត្រីចត្តាឡីស័ក និងកងកម្លាំងឈជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងដំណើរចុះពិនិត្យស្ថានភាព និងសំណេះសំណាលសួរសុខទុក្ខចែកអំណោយដល់កងកម្លាំងឈជើងនៅតាមតំបន់ព្រំដែននៅថ្ងៃនេះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង សមត្ថកិច្ច មន្ត្រីចត្តាឡីស័ក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈជើងនៅតាមគោលដៅនីមួយៗ បានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ដើម្បីទប់ស្តាត់នូវប្រជាពលរដ្ឋឆ្លងដែនជាពិសេសការឲ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្រោមការដាក់ចេញនូវវិធានការនិងការណែនាំយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តឃើញថា ខេត្តស្វាយរៀងរបស់យើងអនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរដែលចាត់ទុកថាជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវពីសំណាក់កងកម្លាំង មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់។ ហើយដើម្បីបន្តរក្សាបាននូវលទ្ធផលឲ្យកាន់តែគាប់ប្រសើរថែមទៀត ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវឲ្យធ្វើចត្តាឡីស័កជាដាច់ខាតនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យនិងមិនបានធ្វើចត្តាឡីស័កនោះទេជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាតដោយគ្មានការលើកលែងនោះឡើយ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់កងកម្លាំង អាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូលជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ក្នុងទិសដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំគោលដៅប្រចាំការ និងល្បាតនៅតាមតំបន់ព្រំដែនផ្នែកខាងជើងចំនួន២១គោលដៅ និងតំបន់ព្រំដែននៅផ្នែកខាងត្បូងចំនួន៣៨គោលដៅ ។

អំណោយដែលបានផ្ដល់ជូនដល់កងកម្លាំងនាឱកាសនោះ ក្នុងមួយគោលដៅទទួលបាន គឺអង្ករ ៥០គីឡូក្រាម សាប៊ូ ៤កញ្ចប់ សាប៊ូដុំ ៨ដុំ មីម៉ាម៉ា ៥កេស ត្រីខ ៥ឡូ ម៉ាស ៣ប្រអប់ ក្រម៉ា ១០ ទឹកសុទ្ធ ១០យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ២យួរ អំបិល ៤កញ្ចប់ និងថវិកា ២០០.០០០រៀល។ ក្រៅពីនេះ ដោយមានការឧបត្ថម្ភពីសប្បុរសជន ក៏បានផ្ដល់ជូនទឹកសុទ្ធ ចំនួន ៦០០យួរ បន្ថែមទៀតសម្រាប់គោលដៅទាំង៥៨ ផងដែរ៕

អត្ថបទទាក់ទង