ខ្មែរប៉ុស្ដិ៍ Close

ពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ ពានរង្វាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ភូមិភាគវាលរាបលើកទី១ តាមដងទន្លេវៃគោ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
ពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ ពានរង្វាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ភូមិភាគវាលរាបលើកទី១ តាមដងទន្លេវៃគោ ពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ ពានរង្វាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ភូមិភាគវាលរាបលើកទី១ តាមដងទន្លេវៃគោ

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ ពានរង្វាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ភូមិភាគវាលរាបលើកទី១ ឆ្នាំ២០១៩ នៅតាមដងទន្លៃវ៉ៃគោ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាតំណាងលោកឧបនាយករដ្ឋមន្រ្តី ស ខេង។

អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនោះរួមមានអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូក្រសួងពាណិជ្ជកម្ម គណប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងកងកម្លាំងទាំងបីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តលោកអភិបាលក្រុង-ស្រុក ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករស្ថិតក្រោមទិដ្ឋភាពសប្បាយរីករាយ។

មានប្រសាសន៍ទៅកាន់ពិធីបិទការប្រកួតលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំពីវឌ្ឍនភាពការងារដែលរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យ និងថ្លែងនូវការអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់រៀបចំ និងការថែរក្សាសន្តិសុខសុវត្ថិភាពក្នុងថ្ងៃប្រណាំងទូករយះពេល២ថ្ងៃកន្លងមកនេះទទួលលទ្ធផលល្អ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានសហការជាមួយអាជ្ញាធរខេត្ត រៀបចំកម្មវិធីប្រកួតកីឡាខាងលើ និងវគ្គបណ្តុះបណ្តាលជំនាញប្រណាំងទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ ប្រកបដោយជោគជ័យ។ លោក បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលផ្នែកសង្គមនិងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ នៅក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបច្ច័យនាំឱ្យកម្ពុជា ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ ខាងមុខ។

លោក ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាដូចជា៖
១. ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីនៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូករ៉ូអ៊ីងទូទាំងប្រទេស។

២. ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍សមាគមកីឡាទូករាជធានី/ខេត្ត និងក្រសួង/ស្ថាប័នចាំបាច់ត្រូវមានទូកប្រចាំសមាគមដើម្បីងាយស្រួលហ្វឹកហាត់និងចូលរួមប្រកួតថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិ លើកទី៣ (3rd National Games) ចាប់ពីឆ្នាំ២០២០ តទៅ។

៣. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឱ្យកាន់តែប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការ រៀបចំការប្រកួតបាននៅគ្រប់កម្រិត។

៤. ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើននៅតាមបណ្តាសមាគមទូទាំងប្រទេស។

៦. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគម ហើយត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំឱ្យបានច្រើនតាមដែលអាចធ្វើបាន៕

អត្ថបទទាក់ទង