ក្រសួងសុខាភិបាល ប្រកាសថាមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា គិតទាំងថ្ងៃនេះ រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះកម្ពុជា។
អ្នកជំងឺដែលទើបព្យាបាលជាសះស្បើយ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧០នាក់ និងអ្នកជំងឺ០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕