ខ្មែរប៉ុស្ដិ៍ Close

កំពង់ផែនាវាជម្រៅទឹកជាង១៤ម៉ែត្រ អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
កំពង់ផែនាវាជម្រៅទឹកជាង១៤ម៉ែត្រ អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ កំពង់ផែនាវាជម្រៅទឹកជាង១៤ម៉ែត្រ អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា កំពង់ផែនាវាជម្រៅទឹកជាង ១៤ម៉ែត្រនៅក្រុងព្រះសីហនុ អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីបំពេញកំណើន និងទំហំនាវាចូលចត។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង នៅថ្ងៃ ទី១៦ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កំពុងសិក្សាលើគម្រោងសាងសង់នេះ ស្របគ្នានឹងការសិក្សាកំពង់ផែកុងតឺន័រទឹកជ្រៅជាង១៧ម៉ែត្រមួយទៀត ដើម្បីឱ្យក្លាយ ទៅជាកំពង់ផែលំដាប់ខ្នាតអន្តរជាតិ និងអាចផ្ទុកបរិមាណកុងតឺន័រតាមការចេញចូលរបស់នាវាដឹកទំនិញ។

តាមការសិក្សាសមត្ថភាពនៃកំពង់ផែកុងតឺន័រថ្មីដែលជម្រៅទឹក១៤,៥ម៉ែត្រ និងមានប្រវែង៣៥០ម៉ែត្រនេះ នឹងធានាដល់ការ ចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦ម៉ឺនតោន ឬស្មើនឹង៩៧ភាគយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេល បច្ចុប្បន្ន និងនាពេលអនាគត។ គម្រោងកំពង់ផែនេះ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណ កុងតឺន័រឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅមកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែល នឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់់ផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលជាច្រក របៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ រកចំណូលបានជាង៧៦ លានដុល្លារអាមេរិក ពីការចូលចតនាវាដឹកទំនិញ និងទេសចរណ៍ ដោយចំនួននេះថយចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលមានប្រមាណ៨១លានដុល្លារ៕

អត្ថបទទាក់ទង