ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិចំនួន ៣ ខ្សែទៀត នឹងត្រូវប្រែក្លាយពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST អោយទៅជាផ្លូវបេតុងកៅស៊ូ AC

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
ផ្លូវជាតិចំនួន ៣ ខ្សែទៀត នឹងត្រូវប្រែក្លាយពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST អោយទៅជាផ្លូវបេតុងកៅស៊ូ AC ផ្លូវជាតិចំនួន ៣ ខ្សែទៀត នឹងត្រូវប្រែក្លាយពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST អោយទៅជាផ្លូវបេតុងកៅស៊ូ AC

ផ្លូវជាតិចំនួន៣ខ្សែបន្ថែមទៀត នឹងត្រូវលើកកម្ពស់គុណភាពពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទ្រទម្ងន់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិចំនួន៣ខ្សែនោះ គឺមានផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ទៅស្រុកកំពង់ត្រាច, និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣ខ្សែនេះ ត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ ដោយនៅរង់ចាំតែការរៀបចំបើកការដ្ឋានសាងសង់នាពេលខាងមុខប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិដែលត្រូវបានលើកកម្ពស់គុណភាពរួចហើយមាន៖

  1. ផ្លូវជាតិលេខ១
  2. ផ្លូវជាតិលេខ២និង២២
  3. ផ្លូវជាតិលេខ៣
  4. ផ្លូវជាតិលេខ៤
  5. ផ្លូវជាតិលេខ៥
  6. ផ្លូវជាតិលេខ៦
  7. ផ្លូវជាតិលេខ៧
  8. ផ្លូវជាតិលេខ៨
  9. ផ្លូវជាតិលេខ៩
  10. ផ្លូវជាតិលេខ១០

លោកទេសរដ្ឋមន្ដ្រី បន្តថា ក្រៅពីគម្រោងកែលម្អផ្លូវជាតិទាំង៣ខ្សែនេះ ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវាត់ក្រុងទី៤, បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ, បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ខណៈគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញាឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយផ្អែកលើគោលការណ៍កសាង ប្រតិបត្តិផ្ទេរ(BOT)។ ជាមួយគ្នានេះ ក៏បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន៣៤ខ្សែ។

ដោយឡែក សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីបម្រើដល់ការដឹកជញ្ជូន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕ AKP

អត្ថបទទាក់ទង