ខ្មែរប៉ុស្ដិ៍ Close

យោធាមីយ៉ាន់ម៉ាមានប្រវត្តិធ្លាប់ប្រើ វិធីសាស្ត្រមិនស្មោះត្រង់ប្រឆាំងនឹងក្រុមបាតុករ ហើយនៅ ពេលនេះ យោធាបាន ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 16
យោធាមីយ៉ាន់ម៉ាមានប្រវត្តិធ្លាប់ប្រើ វិធីសាស្ត្រមិនស្មោះត្រង់ប្រឆាំងនឹងក្រុមបាតុករ ហើយនៅ ពេលនេះ យោធាបាន ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម យោធាមីយ៉ាន់ម៉ាឈរការពារនៅចំណុចត្រួតពិនិត្យនៃទីក្រុងណៃពិដោ

ដើម្បីពង្រឹងការដណ្តើមអំណាចរបស់ខ្លួន យោធាមីយ៉ាន់ម៉ា «Tatmadaw» កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងបាតុកម្មទ្រង់ទ្រាយធំពីសំណាក់ប្រជាជន។ ក្នុងរយៈពេល ១ សប្តាហ៍នៃការដណ្តើមអំណាច យោធាបានចាប់ខ្លួនមេដឹកនាំសង្គមស៊ីវិលសំខាន់ៗ, បិទការតភ្ជាប់ប្រព័ន្ធអ៊ីនធើណេតនិងបណ្តាញទូរស័ព្ទ ហើយបានប្រកាស ប្រើច្បាប់អាជ្ញាសឹកនៅពាសពេញទីក្រុងធំៗ។

កាលពីថ្ងៃចន្ទ កងកម្លាំងTatmadaw បានហាមឃាត់ការ ប្រមូលផ្ដុំមនុស្សច្រើនជាង៥នាក់ ប៉ុន្តែសកម្មភាពរំលោភបំពានរបស់ជនស៊ីវិល និងការតវ៉ាតាមដងផ្លូវ នៅតែបន្តកើតមាន និងបានប្រមូលផ្តុំកម្លាំងនៅទូទាំងប្រទេសជា មួយនឹងការគាំទ្រពីប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់តាមប្រព័ន្ធអ៊ីនធើណេតដែលទំនងជានឹងឈានទៅ ដល់ការគាបសង្កត់កាន់តែខ្លាំងពីសំណាក់កងកម្លាំង Tatmadaw។

ការស្រាវជ្រាវអំពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងបានផ្តល់នូវតម្រុយខ្លះពាក់ព័ន្ធនឹងវិធានការបន្តរបស់កងកម្លាំង Tatmadaw ។

យោធារបស់មីយ៉ាន់ម៉ាមិនទុកចិត្តគណបក្សកាន់អំណាច របស់ប្រទេសនោះទេ។ ហេតុដូច្នេះហើយ ទើបបានជាយោធាសម្រេចធ្វើរដ្ឋប្រហារ និងឃុំខ្លួនមេដឹកនាំក៏ដូចជាសកម្មជនដទៃទៀត។

ក្នុងអំឡុងពេល ៥ ទសវត្សនៃការគ្រប់គ្រងរបស់យោធា ឧត្តមសេនីយ៍មីយ៉ាន់ម៉ា បានពឹងផ្អែកលើយុទ្ធសាស្រ្តសំខាន់ៗចំនួន ៣ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះការធ្វើបាតុកម្ម និងដើម្បីផ្តល់នូវភាព ស្របច្បាប់ចំពោះការ បង្ក្រាបរបស់រដ្ឋ។

យុទ្ធសាស្រ្តទី ១ ៖ របបយោធាបានចោទប្រកាន់អ្នកធ្វើបាតុកម្ម ថាជា «ក្រុមកុបករ» តាមរយៈការផ្សព្វផ្សាយនូវការចោទប្រកាន់អំពីសកម្មភាពហិង្សារបស់ពួកគេ។ មនុស្សជាច្រើនបាន រំលឹកអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ាបានក្លាយជាអ្នកបង្កើតព័ត៌មានចចាមអារ៉ាមដែលបានផ្សព្វផ្សាយការចោទប្រកាន់ថា «ក្រុមកុបករបានលាក់ខ្លួន នៅក្នុងចំណោមបាតុករដើម្បីប្លន់ទ្រព្យសម្បត្តិ, ដាក់ថ្នាំបំពុលក្នុងអាហារនិងទឹក, ដុតរថយន្ត និងបំផ្លាញរោងចក្រនិងការិយាល័យ»

នៅក្នុងចលនាតវ៉ា «Four Eight Uprising នៅឆ្នាំ ១៩៨៨» របបនៃគណបក្សកម្មវិធីសង្គមនិយម (Socialist Programme Party) បានស្តីបន្ទោសក្រុមកុបករថាបានបិទការិយាល័យ រដ្ឋាភិបាលដែលតាម ពិត របបនេះគឺជាអ្នកបិទខ្លួនឯង។ តាមរយៈការផ្សព្វ ផ្សាយការចោទប្រកាន់គ្មានមូលដ្ឋានជាច្រើន អាជ្ញាធរចង់ធ្វើឱ្យសាធារណជន បានឃើញអំពីការគំរាមកំហែងនៃការតវ៉ាទាំងនោះដែលអាចធ្វើឱ្យពួកគេបដិសេធមិនគាំទ្រ ឬចូលរួមក្នុងការជួបជុំជាមួយក្រុមប្រឆាំង។

យុទ្ធសាស្រ្តទី ២ ៖ ដើម្បីពង្រឹងនូវពាក្យចចាមអារ៉ាមរបស់ខ្លួន យោធាបានដាក់ពង្រាយភ្នាក់ងារបង្ក ហេតុរបស់ខ្លួនដើម្បីបន្លំខ្លួន និងបង្កឱ្យមាន កុបកម្មនៅក្នុងការតវ៉ាដោយសន្តិវិធី។ ក្នុងអំឡុងពេល «បដិវត្តស្បង់ជីវរ» «Saffron Revolution» នៅឆ្នាំ ២០០៧ ភ្នាក់ងារទាំង នេះបានវាយប្រហារកងសន្តិសុខដោយដុំឥដ្ឋនិងថ្មដែលអាចផ្តល់នូវភាពស្របច្បាប់ដល់យោធាឱ្យធ្វើការ បាញ់ប្រហារមកលើអ្នកតវ៉ា។

នៅក្នុងចលនាតវ៉ា «Four Eight Uprising» នៅឆ្នាំ ១៩៨៨ កងកម្លាំង Tatmadaw ក៏បានប្រើភ្នាក់ងារយោធាឱ្យទៅបំពុលប្រភពទឹកសាធារណៈជាច្រើនកន្លែងដើម្បីធ្វើឱ្យអ្នកស្រុកមានការសង្ស័យលើក្រុមអ្នកតវ៉ា។

យុទ្ធសាស្រ្តទី ៣ ៖ របបយោធាបានបង្ក្រាបក្រុមបាតុករដោយប្រើការចោទប្រកាន់គ្មានមូលដ្ឋានជាលេស។ ហើយមេដឹកនាំផ្តាច់ការមីយ៉ាន់ម៉ាបានលាក់ បាំងឈុតឆាកនៃការបង្ក្រាបទ្រង់ទ្រាយធំ ដើម្បីការពារកុំឱ្យកើត មានប្រតិកម្មជាសាធារណៈ។

ជាឧទាហរណ៍ ៖ ប្រជាជននៅទីក្រុង Yangon បានឱ្យដឹងថា «ជំនួសឱ្យការបង្ក្រាបមកលើបាតុករ នៅពេលថ្ងៃ យោធាបានឱ្យចារបុរសរបស់ខ្លួនថតរូបអ្នកតវ៉ាដើម្បីធ្វើការចាប់ខ្លួនពួកគេនៅពេលយប់។ ហើយដើម្បីធ្វើឱ្យប្រាកដថា គ្មាននរណាម្នាក់អាចមើលឃើញពីភាពសាហាវឃោរឃៅរបស់របបខ្លួន យោធាបានដាក់បម្រាមគោចរ និងបិទចរន្តអគ្គិសនីនៅក្នុងអំឡុងពេលចាប់ខ្លួនមនុស្សនៅពេលយប់»

យុទ្ធសាស្ត្រទាំង នេះកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព ៖ នៅឆ្នាំ ២០២១ កងកម្លាំងTatmadaw កំពុងព្យាយាមសម្របសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេស Facebook ដែលរហូតមកដល់ពេលនេះមានអ្នកប្រើប្រាស់ជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ប្រទេស។

មនុស្សតែងលើក ឡើងអំពីរបៀបដែល Facebook និង Twitter អាចសម្រួលដល់ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងបដិវត្ត Arab Spring និងនៅពេលផ្សេង ទៀត ប៉ុន្តែមេដឹកនាំផ្តាច់ការក៏បានស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វ ផ្សាយសង្គមដើម្បីគ្រប់គ្រងលើសាធារណៈមតិផងដែរ។

ក្នុងអំឡុងវិបត្តិរ៉ូហ៊ីងយ៉ាឆ្នាំ ២០១៧ និងការបោះឆ្នោតទូទៅឆ្នាំ ២០២០ ភស្តុតាងបានបង្ហាញថា កងកម្លាំង Tatmadaw បានបង្កើតគណនី Facebook ក្លែងក្លាយរាប់រយ ដើម្បីផ្សព្វផ្សាយភាពស្អប់ខ្ពើមនិងបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិច, ការញុះញង់ឱ្យមានការថ្កោលទោសយ៉ាងខ្លាំងចំពោះសារព័ត៌មានឯករាជ្យ និងជំរុញការ ចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត។

ដើម្បីបង្ក្រាបយុទ្ធនាការតវ៉ានៅតាមប្រព័ន្ធអ៊ីនធើណេតនៅក្នុងឆ្នាំ ២០២១ កងកម្លាំង Tatmadaw ទំនងជា នឹងចាត់វិធានការមកលើក្រុមបាតុករតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើប្រព័ន្ធអ៊ីនធើណេត ឬបិទប្រព័ន្ធអ៊ីនធើណេត។

ហើយវាអាចទៅរួចដែលថា យោធានឹងប្រើគណនីក្លែងក្លាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជាថ្មីម្តងទៀត នៅពេលនេះដើម្បីតាមដាន, បន្លំជ្រៀត ចូល និងផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងក្រុមនិងយុទ្ធនាការ នៅលើប្រព័ន្ធអ៊ីនធើណេតដែលប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈនេះ។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមានការ លំបាកក្នុងការគ្រប់ គ្រងការចុះឈ្មោះ ដើម្បីបង្កើតគណនី។ ហើយវាមានការលំបាកកាន់តែខ្លាំង សម្រាប់ជនស៊ីវិលធម្មតាក្នុងការសម្រេចចិត្តជឿលើរឿងអ្វីមួយ ជាពិសេសនៅពេលដែលភ្នាក់ងាររបស់កង កម្លាំង Tatmadaw មានជំនាញប៉ិនប្រសព្វក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ចាប់តាំងពីឆ្នាំ ២០១៧ ។

ហើយកងកម្លាំង Tatmadaw ក៏អាចនឹងឈានទៅដល់ការចាត់វិធានការបិទប្រព័ន្ធអ៊ីនធើណេតនៅ ទូទាំងប្រទេសផងដែរ ដើម្បីរារាំងការប្រមូលផ្តុំមនុស្សនៅតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ។

ក្នុងរយៈពេល ១ សប្តាហ៍ចាប់តាំងពីរដ្ឋប្រហារនេះ យោធា បានបិទ Facebook, Twitter និងបណ្តាញសង្គម Instagram ហើយបន្ទាប់មកក៏បាន បង្កការរំខានជាបណ្តោះអាសន្នដល់ការតភ្ជាប់អ៊ីនធើណេត និងបណ្តាញទូរស័ព្ទ។

ការរំខានដល់ការទំនាក់ទំនងបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អ្នករៀបចំការតវ៉ា និងការធ្វើបាតុកម្មស៊ីវិលរបស់មីយ៉ាន់ម៉ា។ ក្រុមទាំងនេះចង់ប្រើបណ្តាញផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតនិងលើកទឹកចិត្តអ្នកប្រើប្រាស់អ៊ីនធើណេតឱ្យធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាននិងជាមួយប្រភពផ្លូវការ។

ប្រសិនបើពួកគេចង់កាត់បន្ថយការបង្ក្រាបរបស់របបនេះ ពួកគេក៏នឹងត្រូវប្រុងប្រយ័ត្នចំពោះលទ្ធភាព ដែលភ្នាក់ងារយោធាអាចនឹងវាយលុកចូល ក្នុងប្រព័ន្ធអ៊ីនធើណេត និងក្រៅប្រព័ន្ធអ៊ីនធើណេត ហើយគួរធ្វើការណែនាំអ្នកតវ៉ាអំពីវិធីការពារសុវត្ថិភាពផ្ទាល់ខ្លួននិងសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល។

ខណៈដែលលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលជាច្រើនរូបទៀតនឹងនៅបន្តស្ថិតក្នុងការឃុំឃាំង ហើយបាតុកម្មនឹងបន្តកើន ឡើងនៅតាមទី ប្រជុំជននិ ទីក្រុងអាវុធតែមួយគត់ចុង ក្រោយរបស់យោធាគឺការបង្ក្រាបដោយហិង្សាទ្រង់ទ្រាយធំ។

កាលពីអតីតកាល យោធាធ្លាប់បានសម្លាប់រង្គាលលើក្រុមបាតុករនិងបានរួចខ្លួនពីការទទួលខុសត្រូវចំពោះការប្រព្រឹត្តិទាំង នេះ។ ប៉ុន្តែ នៅពេលនេះ ដោយបានដឹងថា ពិភពលោកកំពុងតែឃ្លាំមើល មេដឹកនាំយោធាអាចនឹងមាន ការប្រុងប្រយ័ត្នជាងមុនទ្វេរដង៕ The Washington Post

អត្ថបទទាក់ទង