ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាដល់មន្ត្រីនៅតាមមូលដ្ឋានត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះមេក្លោង ដែលនាំមនុស្សឆ្លងដែនគេចវេសពីការធ្វើចត្តាឡីស័ក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 918
    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាដល់មន្ត្រីនៅតាមមូលដ្ឋានត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះមេក្លោង ដែលនាំមនុស្សឆ្លងដែនគេចវេសពីការធ្វើចត្តាឡីស័កប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាដល់មន្ត្រីនៅតាមមូលដ្ឋានត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះមេក្លោង ដែលនាំមនុស្សឆ្លងដែនគេចវេសពីការធ្វើចត្តាឡីស័ក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាដល់មន្ត្រីនៅតាមមូលដ្ឋានត្រូវចាត់វិធានការឱ្យបានតឹងរឹុងចំពោះមេក្លោងដែលនាំមនុស្សឆ្លងដែនគេចវេសពីការធ្វើចត្តាឡីស័ក ដែលអាចនាំមកនៅគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយសារជំងឺ កូវីដ-១៩ ។

    បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីមានមេក្លោងមួយចំនួននៅតែបន្តនាំ ប្រជាជនឆ្លងព្រំដែនដោយខុសច្បាប់តាមច្រករបៀង ដែលទង្វើនេះបានបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរ ក្នុងការនាំយកជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំយ៉ាងដូច្នេះថា សូមមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ត្រូវអនុវត្តន៍វិធានការច្បាប់ឱ្យបានតឹងរឹុងបំផុត ចំពោះអ្នកព្យាយាមនាំប្រជាជនឆ្លងកាត់ ព្រំដែនខុសច្បាប់គេចវេសពីការធ្វើចត្តាឡីស័ក ហើយចំពោះមន្ត្រីណាដែលឃុបឃិតដោះលែងមេក្លោងទាំងនោះវិញ គឺអាចឈានដល់ការដកសក្តិឬបណ្តេញចេញតែម្តង ។

    «ខ្ញុំសូមចេញបញ្ជាឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះពួកមេក្លោង ដែលបាននាំមនុស្ស ឆ្លងកាត់ព្រំដែនដោយមិនធ្វើចត្តាឡីស័ក ដូចជាយប់មិញខ្ញុំបានបញ្ជាទៅកាន់ខេត្តបាត់ដំបងនិងអគ្គស្នងការនគរបាលជាតិ អំពីព័ត៌មានទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវ ហើយបែរជាដោះលែងទៅវិញ ដែលអាចឈានទៅដល់ការដកឋានន្តរសក្កិឬបណ្ដេញចេញពីជួរតែម្ដង នូវមន្ត្រីនគរបាលណាដែលអនុវត្តខុសឆ្គងទៅនឹង វិធានការទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស ដែលការរត់ពន្ធមនុស្សនេះ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលវាអាចនាំទៅដល់គ្រោះមហន្តរាយនៃសុខភាពសាធារណៈពីជំងឺឆ្លង។

    ខ្ញុំសូមឱ្យចាប់ប្រមូលអ្នកដែលពាក់ព័ន្ធជាមួយនឹងការនាំមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តន៍នូវការផ្តន្ទាទោស ឬក៏ណែនាំពួកគេយ៉ាងណានោះ ដើម្បីឱ្យពួកគេបញ្ឈប់នូវការនាំមនុស្សឆ្លងកាត់ព្រំដែនបន្តទៅទៀត »។

    យោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រក ចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨បានចែងថា អ្នកដំណើរឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹង មន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការ សុខាភិបាល ។ក្នុងមាត្រានេះ បានចែងទៀតថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុត ពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាននោះឡើយ ៕

    សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចខាងក្រោម៖

    អត្ថបទទាក់ទង