ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ អញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ-១៩ដំបូងគេ នៅមន្ទីរពេទ្យកាល់ម៉ែត
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមលោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា ក្រៅពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា លោក សុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តី កើត រិទ្ធ លោករដ្ឋមន្រ្តី សាយ សំអាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។
ទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួមមាន៖
* នៅមន្ទីរពេទ្យកាល់ម៉ែត
* មន្ទីរពេទ្យព្រះអង្គឌួង
* មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
* មន្ទីរពេទ្យកុមារជាតិ។
សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវេលាម៉ោង ២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកេតុមាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។
ការអនុវត្តការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ពនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងធ្វើឡើងតាមការស្ម័គ្រចិត្ត៕