ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បញ្ជាក់ថា ជំនួយវ៉ាក់សាំង​​កូវីដ-១៩របស់ចិន ចំនួន៦០ម៉ឺនដូសដំបូង នឹងមកដល់កម្ពុជា នៅចុងសប្តាហ៍នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 16
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បញ្ជាក់ថា ជំនួយវ៉ាក់សាំង​​កូវីដ-១៩របស់ចិន ចំនួន៦០ម៉ឺនដូសដំបូង នឹងមកដល់កម្ពុជា នៅចុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បញ្ជាក់ថា ជំនួយវ៉ាក់សាំង​​កូវីដ-១៩របស់ចិន ចំនួន៦០ម៉ឺនដូសដំបូង នឹងមកដល់កម្ពុជា នៅចុងសប្តាហ៍នេះ

ថ្លែងនៅក្នុងពិធីសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា នៅរសៀលថ្ងៃទី៣ ខែកុម្ភះឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារ ជាតិ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោក វ៉ាង វិនធៀន បានថ្លែងថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដំបូងចំនួន៦០ម៉ឺន ដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា “ទោះបីប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ- ១៩ តែប្រទេសចិនបានសម្រេចថានឹងផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺនដូសដល់ប្រទេសកម្ពុជា ជាដំណាកកាលដំបូង ហើយមានផែនការនៅចុងសប្តាហ៍នេះនឹងប្រើប្រាស់យន្តហោះពិសេសរបស់ចិនដឹកមកដល់ប្រទេសកម្ពុជានៅចុះសប្តាហ៍នេះ”។

ឆ្លៀតនាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រមកធ្វើការបណ្តុះបណ្តាលបំពាក់បំព័ន្ធក្រុមគ្រូពេទ្យ និងបានឧបត្ថម្ភឧបករណ៍សម្ភារជូនមន្ទីរពេទ្យមួយចំនួននៅតាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរ ភូមិន្ទតាំងពីឆ្នាំ២០២០ មកដើម្បីការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ បើទោះបីពិភពលោកកំពុងប្រឈមនឹងការគម្រាមកំហែងនៃការរាតត្បាតជាសាកលនូវជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថាជាក់ស្តែងថ្មីៗនេះរដ្ឋាភិបាលកងទ័ព និងប្រជាជនចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រចំនួន ៤រូបប្រកបដោយសមត្ថភាព និងបទពិសោធន៍ មកជួយផ្សព្វផ្សាយ បង្ហាត់បង្រៀនជំនាញ ការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរ៉ូសកូវីដ-១៩ ដែលកម្ពុជាពុំទាន់មានបទពិសោធន៍ក្នុងការប្រើប្រាស់នៅឡើយ។

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថារដ្ឋាភិបាលចិន បានសម្រេចផ្តល់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ-១៩ ដំណាក់កាលទី១ចំនួន ៦សែនដូស ក្នុងនោះ៣សែនដូសជូនដល់កងយោធពលខេមរភូមិន្ទ។ ហើយភាគីចិនប្តេជ្ញាសន្យាថា និងបន្តផ្តល់វ៉ាងសាំងដល់ប្រទេសកម្ពុជា និងគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ដើម្បីយកឈ្នះកូវីដ-១៩ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។

សូមជម្រាបជូនថា ប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ដល់កម្ពុជាចំនួន ១លានដូស។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលស្ថិតក្នុងបញ្ជីអាទិភាពនឹងទទួលបានការចាក់មុនគេ ចំនួន ៥០ម៉ឺននាក់ដំបូង។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅពេលថ្មីៗនេះ បានថ្លែងថា លោកនឹងទៅទទួលវ៉ាក់សាំងរបស់ចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់៕

អត្ថបទទាក់ទង