ខ្មែរប៉ុស្ដិ៍ Close

មានកត្តាចម្បងចំនួន៣ ដែលជំរុញកម្ពុជាឱ្យស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 62
មានកត្តាចម្បងចំនួន៣ ដែលជំរុញកម្ពុជាឱ្យស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក មានកត្តាចម្បងចំនួន៣ ដែលជំរុញកម្ពុជាឱ្យស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក

លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែង ត្រូវបានរៀបចំស្នើដាក់ក្នុងបញ្ជីត្រៀមនៃបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ(UNESCO)បន្ទាប់ពីតំបន់ទេសភាពមួយនេះ មានលក្ខណៈ សម្បត្តិទាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងជំនឿបែបសាសនា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះសិក្សាស្វែងយល់ពីសក្តានុពល នៃតំបន់បេតិកភណ្ឌ វប្បធម៌ធម្មជាតិភ្នំត្បែង កាលពីចុងសប្តាហ៍នេះ លោកបានបញ្ជាក់ថា ការស្នើសុំដាក់តំបន់ ការពារធម្មជាតិនេះ ទៅក្នុងបញ្ជីត្រៀមនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺដោយសារកត្តាចម្បងចំនួន៣ដូចជា៖

ទី១. ជាកន្លែងទីសក្ការៈបូជា និងជំនឿដ៏សក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន

ទី២. មានសក្តានុពលទៅលើធនធានធម្មជាតិ និងជីវចម្រុះ ដូចជា ប្រភេទសត្វកម្រមានសត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ និងសត្វផ្សេងៗទៀតដែលជាប្រភេទសត្វកម្រ

ទី៣. ជាទីតាំងទេសចរណ៍ដ៏មានសក្កានុពល។

លោកមានប្រសាសន៍ថា តំបន់បេតិកភណ្ឌ វប្បធម៌នេះ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានការផ្សារភ្ជាប់នូវប្រវត្តិសា្រស្ត វប្បធម៌ និង សាសនា និងមានសក្តានុពល ក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងៗទៀតមានដូចជា៖ ព្រែកកាំពី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានជំរុញកិច្ចការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីនៅតំបន់បេតិកភណ្ឌ វប្បធម៌ធម្មជាតិភ្នំត្បែងនេះ សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ដោយសារវាមានគុណតម្លៃ ផ្នែកធម្មជាតិ ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ វប្បធម៌ និងជំនឿ។

តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ២ម៉ឺន៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួន៥ នៃខេត្តព្រះវិហារ គឺស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិ ជាមួយទឹកជ្រោះចំនួន៣ដំណាក់ តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចម្ការចេក របស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដោយអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ ១.៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែង គឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា តាមជំនឿ ដោយសារមានថ្មចំនួន៣ដុំនៅលើនោះ។

បើតាមការបញ្ជាក់របស់លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្នតំបន់ បេតិកភណ្ឌធម្មជាតិនេះ បានក្លាយជាទីចាប់អារម្មណ៍នៃទេសចរជាតិ និងអន្តរជាតិ សម្រាប់ដំណើរ កម្សាន្តបែបផ្សងព្រេង និងការបោះតង់ជាក្រុម។ ភ្ញៀវទេសចរទៅកាន់តំបន់នេះ ត្រូវបានសម្រួល ទាំងការធ្វើដំណើរឡើងចុះ ការការពារសុវត្ថិភាពក្នុងពេលស្នាក់នៅជាដើម។

លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងដែលបានប្រកាសជាតំបន់ បេតិកភណ្ឌវប្បធម៌ធម្មជាតិ នៅខែកញ្ញា ឆ្នាំ២០១៦មកនោះ គឺមានការបោះបង្គោលសម្គាល់ ជាតំបន់ ការពារមិនឱ្យពលរដ្ឋចូលកាន់កាប់បានជាង៤០បង្គោលរួចហើយ និងត្រៀមបោះឱ្យបាន ចំនួន ១៣ បង្គោលបន្ថែមទៀត ក្រោមការជួយជ្រោមជ្រែងពីគម្រោងព្រៃឡង់ បៃតងរបស់ ភ្នាក់ងារជំនួយ សហរដ្ឋអាមេរិក USAID និងនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ធម្មជាតិនៃក្រសួង បរិស្ថាន។ លោកបានបន្ថែមថា នៅតំបន់ភ្នំត្បែងនេះ មានសហគមន៍ធម្មជាតិចំនួន៣ គឺសហគមន៍ធម្មជាតិ ចាក់អង្រែ សហគមន៍ធម្មជាតិតាំងយូរ និងសហគមន៍ធម្មជាតិដាតាវឹក ដែលសហគមន៍ទាំងនេះ គឺជាក្រុមបង្គោលដ៏សំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅទីនោះ ជាមួួយនឹង មន្ត្រីឧទ្យានុរក្សចំនួន១០នាក់ទៀត៕

អត្ថបទទាក់ទង