Facebook នឹងចាប់ផ្ដើមផ្ទាំងស្នើសុំការតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់
ចាប់ពីថ្ងៃនេះទៅ Facebook នឹងចាប់ផ្ដើមធ្វើតេស្តផ្ទាំងស្នើសុំផ្ទាល់ខ្លួន ដែលសុំឲ្យអ្នកប្រើប្រាស់អនុញ្ញាតឲ្យ Facebook តាមដានសកម្មភាពរបស់ពួកគេនៅលើកម្មវិធីដទៃ និងនៅលើវិបសាយផងដែរ។
ការធ្វើតេស្តនេះគឺធ្វើឡើងមុនពេលដែល Apple នឹងបញ្ចេញនូវមុខងារ Ad Tracking Transparency (ATT) ដែលជាមុខងារតម្រូវឲ្យកម្មវិធីទាំងអស់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ក្នុងការតាមដានសកម្មភាពរបស់ពួកគេ។ មុខងារ ATT នឹងចាប់ផ្ដើមប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមីនាខាងមុខ។
មុខងារ ATT នេះដើមឡើយត្រូវចាប់ផ្ដើមប្រើប្រាស់តាំងពីចុងឆ្នាំ២០២០ ប៉ុន្តែ Apple បានពន្យារពេលដើម្បីឲ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី និងក្រុមហ៊ុនបច្ចេកវិទ្យា អាចធ្វើការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរដ៏ធំមួយនេះ។
ផ្ទាំងស្នើសុំដែល Facebook ចាប់ផ្ដើមសាកល្បង គឺមានធ្វើការពន្យល់ច្បាស់ៗអំពីមូលហេតុនៃការតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ដើម្បីឲ្យអ្នកប្រើប្រាស់អាចសម្រេចចិត្តបានត្រឹមត្រូវ៕