ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធផលផ្លូវ ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប-អង្គរ អភិវឌ្ឍជាទីក្រុងទេសចរណ៍ដ៏ទំនើប និងឆ្លាតវៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 14
សមិទ្ធផលផ្លូវ ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប-អង្គរ អភិវឌ្ឍជាទីក្រុងទេសចរណ៍ដ៏ទំនើប និងឆ្លាតវៃ សមិទ្ធផលផ្លូវ ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប-អង្គរ អភិវឌ្ឍជាទីក្រុងទេសចរណ៍ដ៏ទំនើប និងឆ្លាតវៃ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង អមដំណើរដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាប្រតិភូគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបក្នុងក្រុងសៀមរាប ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មការអន្តរក្រសួង បានបង្ហាញថា ចាប់គិតពីថ្ងៃបើកការដ្ឋានរយៈពេលជិត២ខែ ដោយគិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ លទ្ធផលការងារជារួម សម្រេចបានជាង១៧,៥% ក្រោមកិច្ចដំណើរការចំនួន៨ នៃអង្គភាពប្រតិបត្តិការណ៍បណ្តាអង្គភាពសាងសង់ទាំងអស់។ នៅក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ គឺការយកចិត្តទុក ដាក់តាមដាន ការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា។

ភ្ជាប់នៅក្នុងគម្រោងនេះដែរ រួមមានការរៀបចំលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរ ជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និង គំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួននិងដាំដើមឈើជាដើម។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ មានប្រវែងសរុបជាង១០៨ គីឡូម៉ែត្រ ប្រើប្រាស់ដោយថវិកាជាតិប្រមាណជាង១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និង ទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដែលមានរយៈពេលសាងសង់ ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។

លើសពីការស្ថាបនាផ្លូវ ៣៨ខ្សែនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតិឲ្យមានការស្ដារកែលម្អធ្វើឱ្យប្រសើរឡើងវិញ ដងស្ទឹងសៀមរាបប្រមាណជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវៃនាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋាន ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប-អង្គរ ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវៃនាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នៅការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប លោក ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ ដែលបានគ្រោងទុក៕

អត្ថបទទាក់ទង