ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ រាជរដ្ឋាភិបាលប្រកាសមិនឲ្យលុបថ្ងៃឈប់សម្រាកទិវាជ័យជម្នះ៧មករា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ រាជរដ្ឋាភិបាលប្រកាសមិនឲ្យលុបថ្ងៃឈប់សម្រាកទិវាជ័យជម្នះ៧មករា រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ រាជរដ្ឋាភិបាលប្រកាសមិនឲ្យលុបថ្ងៃឈប់សម្រាកទិវាជ័យជម្នះ៧មករា

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាសមិនឲ្យលុបថ្ងៃឈប់សម្រាកទិវាជ័យជម្នះ៧មករា ខណៈដែលថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទាំងមូលដើម្បីប្រារព្ធទិវាចងចាំនិងប្រឆាំងរបបខ្មែរក្រហមដ៏សាហាវឃោឃៅកុំឲ្យវិលត្រលប់មកវិញ ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មានប្រសាសន៍ថា ទិវាជ័យជម្នះ៧មករា គឺស្មារតីរំលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងងអស់ ឲ្យចងចាំ និងរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់កុំអោយរបបខ្មែរក្រហមវិលមកសង្គមកម្ពុជាសារជាថ្មី ខណៈ ដែលរបបនេះសាហាវព្រៃផ្សៃបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ជាច្រើនលានអ្នក។

លោកបានថ្លែងបែបនេះ ក្រោយពិធីទទួលដំណើរមាតុភូមិនិវត្តន៍នៃកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជាកាលពីថ្ងៃទី៩ ខែសីហា ដោយបានអះអាងថា មានជនអគតិមួយចំនួនចង់លុបថ្ងៃឈប់សម្រាក ៧មករាចោល ប៉ុន្តែរាជរដ្ឋាភិបាល មិនអាចលុបថ្ងៃនេះបានទេ ពីព្រោះថ្ងៃ៧មករានេះគឺជាថ្ងៃរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលចាត់ទុកថាជាថ្ងៃកំណើតទី២យ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកពិធីបុណ្យជាតិចំនួន៦ថ្ងៃសម្រាប់ឆ្នាំ២០២០ខាងមុខ ហើយការលុបនេះ បានធ្វើឲ្យអង្គការសង្គមស៊ីវិល និងក្រុមជ្រុលនិយមនៅក្រៅច្បាប់មួយចំនួន បានសម្តែងការមិនពេញចិត្តហើយពួកគេបានទាមទារឲ្យលុបថ្ងៃ៧មករាផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បាន បញ្ជាក់ ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានថ្ងៃលុបទិវាជ័យជម្នះ៧មករាចេញពីបុណ្យជាតិបានឡើយ ដើម្បីធានាសុខសន្តិភាពនៅកម្ពុជា។
លោកបន្តថា ការរក្សាទុកថ្ងៃ៧មករានេះគឺជារឿងត្រឹមត្រូវ ព្រោះអីយើងបានកាត់ថ្ងៃឈប់សម្រាកមួយចំនួន ប៉ុន្ដែថ្ងៃ៧មករានេះ គឺនៅតែស្ថិតស្ថេជារាងរហូត ព្រោះអីវាបានអោយតម្លៃធំធេងណាស់សម្រាប់កម្ពុជារបស់យើង ដែលរងគ្រោះមហាវិនាសកម្មក្នុងពេលកន្លងមក ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងចូលនៅក្នុងភ្នំពេញ គឺជាកំណើតទី២របស់យើង។
លោកបានបញ្ជាក់ទៀតថា កម្ពុជាបានចាត់ទុកថ្ងៃបុណ្យជាតិដែលលុបមិនឲ្យឈប់ សម្រាកនោះ នៅតែជាថ្ងៃមានសារៈសំខាន់សម្រាប់កម្ពុជា ហើយស្នើសុំអោយជនរួមជាតិមេត្តាយោគយល់ ព្រោះការធ្វើដូច្នេះ គឺឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមវិនិយោគិន៕

អត្ថបទទាក់ទង