ខ្មែរប៉ុស្ដិ៍ Close

«គណបក្សកែទម្រង់កម្ពុជា» អាចនឹងរលាយដោយខ្លួនឯងប្រសិនបើលោក កឹម សុខា ចូលប្រឡូកក្នុងឆាកនយោបាយវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 46
«គណបក្សកែទម្រង់កម្ពុជា» អាចនឹងរលាយដោយខ្លួនឯងប្រសិនបើលោក កឹម សុខា ចូលប្រឡូកក្នុងឆាកនយោបាយវិញ «គណបក្សកែទម្រង់កម្ពុជា» អាចនឹងរលាយដោយខ្លួនឯងប្រសិនបើលោក កឹម សុខា ចូលប្រឡូកក្នុងឆាកនយោបាយវិញ

គណបក្សប្រឆាំងថ្មីគឺគណបក្ស «កែទម្រង់កម្ពុជា» (CRP) ដែលកំពុងស្វែងរកការចុះឈ្មោះអាចនឹងត្រូវរំលាយប្រសិនបើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិ ត្រូវបានតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ ត្រូវ​បាន​ប្រទានការស្តារនីតិសម្បទានយោបាយដោយព្រះមហាក្សត្រឡើងវិញ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភាគណបក្សប្រឆាំង ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកគណបក្សបាននិយាយកាលពីម្សិលមិញថា CRP ដែលទើបបង្កើតថ្មីនឹងបញ្ជូនឯកសាររបស់ខ្លួនទៅក្រសួងមហាផ្ទៃនៅថ្ងៃសុក្រដើម្បីស្វែងរកការទទួលស្គាល់ជាផ្លូវការ។

លោកបន្តថាលោកអាចនឹងរំលាយគណបក្សប្រសិនបើលោក កឹម សុខា ស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យដកបម្រាមនយោបាយរបស់លោកចេញ។

លោកធ្លាប់បាននិយាយថា អតីតមេដឹកនាំនៃគណបក្សសង្រ្គោះជាតិដែលរំលាយដោយតុលាការនឹងបង្កើតថ្មី ប្រសិនបើគណបក្សសង្គ្រោះជាតិគ្មានក្តីសង្ឃឹមនឹងអាចត្រូវបានស្តារឡើងវិញទេ។

លោកនិយាយថា៖ «ឥឡូវខ្ញុំមិនឃើញដំណោះស្រាយនយោបាយទេ។ នោះហើយជាមូលហេតុដែលយើងចាំបាច់ត្រូវរៀបចំសេណារីយ៉ូមួយដើម្បីឲ្យគណបក្សមួយលេចចេញ ដើម្បីប្រកួតប្រជែង [នៅក្នុងការបោះឆ្នោត] ប្រសិនបើគណបក្សសង្គ្រោះជាតិមិនអាចត្រូវបានស្តារឡើងវិញនោះទេ»។

លោកបន្ថែមថា៖ «ប្រសិនបើគណបក្សនេះត្រូវបានបង្កើតឡើងជាផ្លូវការហើយអតីតមេដឹកនាំកំពូលៗ ដូចជាលោក កឹម សុខា និងលោក សម រង្ស៊ី អាចវិលត្រឡប់មកដឹកនាំគណបក្សវិញយើងនឹងបញ្ឈប់សកម្មភាពរបស់ CRP ទាំងអស់គ្នា»។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា លោកចង់ផ្តល់លទ្ធភាពឲ្យលោក កឹម សុខា និងលោក សម រង្ស៊ី ប្រកួតប្រជែង ព្រោះវាមានប្រសិទ្ធភាពជាងក្នុងការដឹកនាំក្រុមប្រឆាំង។ លោកថា គ្មានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេនៅពេលនេះហើយ យើងចង់ឃើញពីប្រជាធិបតេយ្យងើបឡើងវិញ នៅក្នុងប្រទេសកម្ពុជា។

លោកថា៖ ប៉ុន្តែប្រសិនជាពួកគាត់មិនមានលទ្ធភាពត្រឡប់មកដឹកនាំនយោបាយឡើងវិញទេ យើងនឹងរៀបចំផែនការ និងយុត្តិសាស្ត្រនយោបាយ ដើម្បីធ្វើការប្រកួតប្រជែងឲ្យបានស្វិតស្វាញបំផុតតាមដែលអាចធ្វើបាន»។

បច្ចុប្បន្ននេះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយតុលាការកំពុងរស់នៅនិរទេសខ្លួននៅទីក្រុងប៉ារីសដើម្បីចៀសវាងការជាប់ពន្ធនាគារលើការផ្តន្ទាទោសមួយចំនួន។ លោក សម រង្ស៊ី ធ្លាប់បាននិយាយថាលោក កឹម សុខា មានភាពស្មោះត្រង់ជាមួយប្រជាជនហើយនឹងមិនបំបែកខ្លួនពីលោកដើម្បីស្នើសុំការស្តារនយោបាយ ឬបង្កើតគណបក្សនយោបាយថ្មីនោះទេ។

ទោះយ៉ាងណាលោក ច័ន្ទរ័ត្ន បាននិយាយថាលោកនឹងចាកចេញពីតំណែងប្រធានគណបក្សសម្រាប់លោក កឹម សុខា ប្រសិនបើលោកចង់ចូលរួមជាមួយ CRP ឬបញ្ចូលវាជាមួយគណបក្សផ្សេងទៀតដែលលោកបង្កើតដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតទូទៅឆ្នាំ ២០២៣ ។

លោកបន្តថាលោក កឹម សុខា នឹងនៅតែមានសិទ្ធិចូលរួមសកម្មភាពនយោបាយប្រសិនបើលោកស្នើសុំការស្តារនីតិសម្បទានយោបាយ។ លោក សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិប៉ុន្តែតុលាការមិនទាន់រកឃើញថាលោកមានពិរុទ្ធភាពនៅឡើយទេ។

លោកថា៖ «ប្រសិនបើលោកស្នើសុំការស្តារនីតិសម្បទានយោបាយ លោកនឹងមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ។ ប្រសិនបើលោកចង់ប្រើបក្សរបស់យើងយើងនឹងឲ្យវាទៅលោក»។

លោកក៏បានច្រានចោលពាក្យចចាមអារាមមួយដែលថា CRP ត្រូវបានបង្កើតឡើងដោយសារlokត់និងមេដឹកនាំដទៃទៀតចង់បានតំណែងនៅក្នុងឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់យោបល់​ (SCC) ក្នុងករណីដែលខ្លួនមិនបានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតទូទៅឆ្នាំ ២០២៣ ។

បច្ចុប្បន្ននេះ សមាជិកជាង ១០ នាក់ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ត្រូវបានដកបម្រាមរបស់ពួកគេលើសកម្មភាពនយោបាយ។ រួមមានអតីតសមាជិកសភាលោក សុន ឆ័យ លោក កង គឹមហាក់ លោក ជីវ កត្តា លោកស្រី ទេព សុទ្ធី លោក គង់ បូរ៉ា និងលោក រៀល ខេមរិន្ទ ក៏ដូចជាលោក​គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក។

លោក គង់ បូរ៉ា បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចហើយត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៅក្រសួងកសិកម្ម។

ឥឡូវនេះលោក ខេមរិន្ទ ជាប្រធាន​គណបក្ស​អភិរក្ស​ខ្មែរ​និយម ខណៈដែលលោក គឹមហាក់ និងលោក កត្តា បច្ចុប្បន្ន​ជា​អ្នកបង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ។

លោក ច័ន្ទរ័ត្ន ទទួលស្គាល់ថាការបែកបាក់ក្នុងចំណោមអតីតមិត្តរួមការងាររបស់លោកដើម្បីបង្កើតគណបក្សជាច្រើនកំពុងបណ្តាលឲ្យមានការគាំទ្រដល់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិកាន់តែខ្សោយ។

នៅពេលត្រូវបានសួរថាហេតុអ្វីបានជាគាត់មិនចូលរួមជាមួយអតីតសហសេវិកជាជាងបង្កើតគណបក្សនយោបាយមួយផ្សេងទៀត លោកនិយាយាថាគណបក្សទាំងនោះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាទេ។ លោកក៏ចង់រួបរួមជាមួយពួកគេដើម្បីទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាជនផងដែរ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាននិយាយកាលពីម្សិលមិញថាការបង្កើតគណបក្សនយោបាយរបស់លោកអ៊ូ ច័ន្ទរ័ត្ន គឺជាឱកាសមួយសមរម្យ និងជាពេលវេលាដ៏ត្រឹមត្រូវ ដែលពួកគាត់គួរតែបង្កើតគណបក្សដើម្បីបង្កើតសង្វៀននយោបាយសម្រាប់ខ្លួនឯង សម្រាប់អតីតថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្ររបស់ ex-CNRP ដើម្បីមានទ្រនំធ្វើនយោបាយឡើងវិញ។

«ក៏ប៉ុន្តែបើសួរថាគណបក្សថ្មីនេះ អាចជំនួសអតីតគណបក្ស​សង្គ្រោះជាតិបានឬមិនបាន គឺយើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ អតីតគណបក្ស​សង្គ្រោះជាតិ ត្រូវបានបែកជាបំណែកច្រើន ហើយគណបក្សថ្មីៗដែលត្រូវបានបង្កើតឡើង យើងមិនសន្មតថាជាគណបក្សដែលនឹងត្រូវជំនួយអតីតគណបក្ស​សង្គ្រោះជាតិ បានទេ»។

លោកបន្តថា៖ «ត្រង់ចំណុចនេះ ខ្ញុំអាចនិយាយបានថា វាជាសេនារីយ៉ូ បង្កើតឡើងដើម្បីកុំឲ្យមានការចោទប្រកាន់ពីអតីតអ្នកគាំទ្រ ក៏ដូចជាអតីតថ្នាក់នាំនៃអតីតគណបក្ស​សង្គ្រោះជាតិ ថាគាត់ឆ្លៀតឱកាសដើម្បីធ្វើនយោបាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន»។

គណបក្សប្រជាជនកម្ពុជាបាននិយាយម្តងហើយម្តងទៀតថាគណបក្សកាន់អំណាចតែងតែស្វាគមន៍គណបក្សថ្មីៗ ដោយនិយាយថាប្រទេសកម្ពុជាកំពុងអនុវត្ត ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ គណបក្ស​នេះថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមិនដែលរឹតត្បិតសិទ្ធិរបស់ពលរដ្ឋក្នុងការបង្កើតគណបក្សនយោបាយឡើយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា៖ «យើងគ្មានប្រាក់ជួលគណបក្សនយោបាយណាមួយដើម្បីបម្រើផលប្រយោជន៍គណបក្សរបស់យើងទេ ប៉ុន្តែយើងលើកទឹកចិត្តពួកគេឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាសនៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ»។ Khmer Times

អត្ថបទទាក់ទង