ខ្មែរប៉ុស្ដិ៍ Close

ចិនបរិច្ចាគសម្ភារៈដោះមីនតម្លៃ ១ លានដុល្លារដល់អាជ្ញាធរមីន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
ចិនបរិច្ចាគសម្ភារៈដោះមីនតម្លៃ ១ លានដុល្លារដល់អាជ្ញាធរមីន CMAA vice president Ly Thuch (R) and Chinese Ambassador Wang Wentian look at the demining supplies donated by the Chinese government at the handover ceremony yesterday. KT/Pann Rachana

រដ្ឋាភិបាលចិនបានបរិច្ចាគសម្ភារៈដោះមីន​ចំនួន ១ លានដុល្លារដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ តាមរយៈអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (CMAA)។

ជំនួយដែលទទួលបានមានរថយន្តដឹកទំនិញចំនួន ៨ គ្រឿងឧបករណ៍រាវរកមីន ១៣០ គ្រឿងឧបករណ៍សម្រាប់ដោះមីនចំនួន ១០០ គ្រឿងឧបករណ៍ EOD ២០ គ្រឿងឧបករណ៍ការពារ ១០ ឈុតមួកការពារ ១០ គ្រឿងយន្តហោះ UAV ៤ គ្រឿងឯកសណ្ឋាន ៥០០ ឈុតស្បែកជើង មួក និងតង់ចំនួន ៥០០ ។

លោក លី ធុច អនុប្រធានទី១អាជ្ញាធរមីន​បានប្រាប់កាសែតខ្មែរថាមស៍ថា CMAA នឹងប្រគល់ជំនួយដល់អង្គភាពថ្នាក់ក្រោម និងមន្ត្រី ដើម្បីបោសសំអាតមីននៅកម្ពុជាក្នុងពេល​ឆាប់នេះ។ បច្ចុប្បន្ន មន្រ្តីថ្នាក់ក្រោមជាតិត្រូវការឧបករណ៍ទាំងនេះដើម្បីស្រាវជ្រាវនិងរៀបចំផែនការដោះមីននៅថ្នាក់មូលដ្ឋាន។

លោកបន្តថា៖ «ជំនួយនេះមានសារសំខាន់ក្នុងការជួយអាជ្ញាធរមីន ទីភ្នាក់ងាររដ្ឋាភិបាល ដែលអាចជួយបំពេញក្នុងការងាររបស់ខ្លួនបាន។ អាជ្ញាធរមីនមានភារកិច្ចសំខាន់ក្នុងការឃ្លាំមើល និងសម្របសម្រួលការដោះមីននៅទូទាំងប្រទេស»

លោកបន្ថែមថា៖ «ដូច្នេះ នៅពេលមានប្រតិបត្តិករដោះមីននៅតំបន់មួយ ឬ​នៅក្នុងភូមិមួយត្រូវតែមានក្រុមការងារចុះត្រួតពិនិត្យដើម្បីធ្វើឲ្យប្រាកដថាតំបន់ដែលមានមីនត្រូវបានបោសសម្អាត និងមានសុវត្ថិភាពមុនពេលដីនៅតំបន់នោះ ឬភូមិនោះត្រូវបានប្រគល់ឲ្យប្រជាជនវិញ»

លោកបន្តថាប្រតិបត្តិការដោះមីនកន្លងមកបានប្រឈមនឹងបញ្ហាជាច្រើនដូចជាកង្វះថវិកា និងបុគ្គលិកដោយសារការចំណាយខ្ពស់។ បុគ្គលិកបោសសំអាតមីនជាង ២ ៦០០ នាក់ជា ចំនួនដែលតិចជាង ២០ ទៅ ៣០ ភាគរយ​នៃ​ចំនួន​ដែល​ត្រូវការ បន្ទាប់ពីប្រតិបត្តិករ​ ២០០ នាក់បានស្លាប់ក្នុងកំឡុងពេលបំពេញបេសកកម្ម។

លោកថា៖ «បច្ចុប្បន្នយើងចំណាយពី ២០ លានដុល្លារទៅ ៣០ លានដុល្លារក្នុងមួយឆ្នាំលើការដោះមីនដែលមួយចំនួនបានមកពីរដ្ឋាភិបាល និងជំនួយពីប្រទេសដទៃទៀត»

លោកបន្ថែមថា៖ «ចាប់តាំងពីឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានចំណាយប្រាក់ជាង ១៦០ លានដុល្លារសម្រាប់បេសកកម្មដោះមីននៅកម្ពុជាដោយរដ្ឋាភិបាលបានផ្តល់ប្រាក់ចន្លោះពី ៧ លានដុល្លារទៅ ១០ លានដុល្លារក្នុងមួយឆ្នាំនិងជំនួយបរទេស ២៤០ លានដុល្លារជាជំនួយបោសសំអាតដីជាង ២ ០០០ គីឡូម៉ែត្រក្រឡា»

ប្រទេសចិនបានជួយដល់ការងារដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ ដោយផ្តល់នូវឧបករណ៍ដោះមីនចំនួន ៣ ប្រភេទ បណ្តុះបណ្តាលមន្ត្រីកម្ពុជាចំនួន ៣០ នាក់ក្នុងមួយឆ្នាំ ដើម្បីសិក្សាការដោះមីននៅប្រទេសចិន និងផ្តល់ថវិកាចំនួន ២ លានដុល្លារក្នុងមួយឆ្នាំ។

លោក Wang Wentain ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជាបាននិយាយថា ការងារដោះមីនមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងជួយសង្គ្រោះអាយុជីវិត ហើយលោកនឹងជំរុញឲ្យរដ្ឋាភិបាលចិនបន្តគាំទ្រនិងពិចារណាលើសំណើរបស់ស៊ីម៉ាក់។

លោក លី ធុច (ស្តាំ) និងលោក Wang Wentian ក្នុងពិធីប្រគល់កាលពីម្សិលមិញ។ KT/ប៉ាន រចនា
លោក លី ធុច (ស្តាំ) និងលោក Wang Wentian ក្នុងពិធីប្រគល់កាលពីម្សិលមិញ។ KT/ប៉ាន រចនា

លោកបន្តថា៖ «សាធារណរដ្ឋប្រជាមានិតចិនរីករាយនឹងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរមីនក្នុងការគាំទ្រដល់ការងារបោសសម្អាតមីនផ្នែកមនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិននឹងបន្តផ្តល់ទាំងការបណ្តុះបណ្តាល ទាំងសម្ភារៈ ហិរញ្ញវត្ថុ និងធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាសម្រេចបានគោលដៅគ្មានគ្រាប់មីននៅឆ្នាំ ២០២៥»

លោកបន្ថែមថាទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយក៏ការងារបោសសម្អាតមីនផ្នែកមនុស្សធម៌នៅតែបន្តហើយមិនត្រូវបានប៉ះពាល់ឡើយ។

ក្រៅពីប្រទេសចិន បច្ចុប្បន្នកម្ពុជាមានការគាំទ្រពីម្ចាស់ជំនួយផ្សេងទៀតរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស ជប៉ុន ន័រវែស កាណាដា អាល្លឺម៉ង់ ស្វីស ណូវែលសេឡង់ កូរ៉េខាងត្បូង អៀរឡង់ យូអិនឌីភី និងយូនីសេហ្វ ក៏ដូចជាសង្គមស៊ីវិល និងអង្គការមូលនិធិសប្បុរសធម៌សម្រាប់សកម្មភាពដោះមីននៅកម្ពុជា។

គិតត្រឹមឆ្នាំ ២០២០ ប្រទេសកម្ពុជាបានបោសសំអាតមីនចំនួន ២ ១៣៨ គីឡូម៉ែត្រក្រឡា (ប្រមាណជា ៣ ដងនៃតំបន់ភ្នំពេញ ឬសិង្ហបុរី) បានបំផ្លាញមីនប្រឆាំងមនុស្សចំនួន ១ ០៩៥ ៧៥០ គ្រាប់មីនប្រឆាំងរថក្រោះ ២៥ ៤៨៨ គ្រាប់និងសំណល់ជាតិផ្ទុះក្នុងសង្គ្រាមរួមមានគ្រាប់បែកចង្កោមចំនួន ២ ៨៨៥ ២៩៤ គ្រាប់ដោយមានអ្នកទទួលផលចំនួន ៦ ៣៥៧ ៨៥៣ នាក់។

ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហាធំៗលើផ្ទៃដី ២ ១៥២ គីឡូម៉ែត្រក្រឡាដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រការ៉េរងផលប៉ះពាល់ដោយសារគ្រាប់មីន ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។

Khmer Times

អត្ថបទទាក់ទង