ខ្មែរប៉ុស្ដិ៍ Close

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង ស្ថាបនាបានជាង ៧០ភាគរយហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង ស្ថាបនាបានជាង ៧០ភាគរយហើយ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង ស្ថាបនាបានជាង ៧០ភាគរយហើយ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្ថាបនាបានជាង៧០ភាគរយហើយ ដោយក្រុមហ៊ុនពន្លឿនការស្ថាបនាឱ្យហើយនៅ ចុងឆ្នាំ២០២១នេះ ដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ស្ថានីយទឹកស្អាតក្រុងស្ទឹងត្រែង លោក សន ចន្ធី អនុប្រធានគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា គម្រោងសាងសង់ ស្ថានីយទឹកស្អាតដ៏ធំទីមួយនេះ បានស្ថាបនាឡើងលើផ្ទៃដីជាង ១៧.០០០ម៉ែត្រក្រឡា នៅខេត្តស្ទឹងត្រែង ហើយអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងខេត្ត ប្រើប្រាស់បានគ្រប់គ្រាន់ ព្រោះទីតាំងស្ថានីយនេះមានរយៈកម្ពស់រហូតដល់ទៅ៥៥ម៉ែត្រ។

លោកបន្តថា នេះជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ ដែលបានប្រើប្រាស់ហិរញ្ញប្បទានឥណទាន របស់ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា (A D B) និងធ្វើឱ្យសម្រេចតាមផែនការនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានសាទរជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីនេះ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងក្រុងមួយចំនួនតូចតែប៉ុណ្ណោះ ដែលទទួលបានទឹកស្អាតប្រើប្រាស់ពីស្ថានីយចាស់។

លោកសង្ឃឹមថា នៅពេលស្ថានីយ៍នេះស្ថាបនាហើយ ប្រជាពលរដ្ឋទូទាំងខេត្ត នឹងទទួលបានទឹកស្អាតប្រើប្រាស់ទៅតាមដំណាក់កាលនីមួយៗ ដែលក្រុមបច្ចេកទេស នឹងរៀបចំជូនពីទីប្រជុំជនដល់ទីជនបទ។

សូមបញ្ជាក់ថា តាមការឱ្យដឹងពីក្រុមហ៊ុនវិនិយោគ ស្ថានីយនេះនឹងបើកដំណើរការឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២១ ទៅតាមជំហានៗ ដែលនឹងធ្វើឱ្យសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ក្រុមគ្រួសារ៕

អត្ថបទទាក់ទង