ខ្មែរប៉ុស្ដិ៍ Close

សត្វផ្សោតដ៏ធំ១ក្បាល បានស្លាប់ទៀតហើយ នៅក្នុងអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 81
សត្វផ្សោតដ៏ធំ១ក្បាល បានស្លាប់ទៀតហើយ នៅក្នុងអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល សត្វផ្សោតដ៏ធំ១ក្បាល បានស្លាប់ទៀតហើយ នៅក្នុងអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល

សត្វផ្សោតញីដ៏ធំ១ក្បាល មានទំងន់ជិត២០០គីឡូក្រាមបានស្លាប់នៅក្នុងអន្លង់ផ្សោតអូរឈើទាលជាតំបន់រមណីយដ្ឋានទេសចរណ៍ស្ថិតនៅភូមិ ឃុំព្រះរំកិល ស្រុកបុរីអូរ ស្វាយសែនជ័យខេត្តស្ទឹងត្រែង។ ករណីនេះប្រជាសហគមន៍ទេសចរណ៍នាំគ្នាសោកស្តាយ ព្រោះវាបាត់បង់សត្វផ្សោតមេពូជអាចធ្វើឱ្យមានការថមថយបរិមាណ សត្វផ្សោតនិងអាចបាត់បង់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។

ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោតដែលបានស្លាប់អណ្តែតទឹកកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ដនបាន់ ឆ្មាំទន្លេប្រចាំការនៅឃុំព្រះរំកិលខេត្តស្ទឹងត្រែង បាន បញ្ជាក់ថា៖តាមការពិនិត្យជាក់ ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាល នេះ វាទើបតែស្លាប់ថ្មីៗអាចរងផលប៉ះពាល់ពីអ្នកលួចលាក់ធ្វើនេសាទខុសច្បាប់នៅពេលយប់។

លោកអះអាងថា៖សត្វផ្សោត ញីមួយក្បាលនេះ វារស់នៅក្នុងអន្លង់ផ្សោតអូរឈើទាលកន្លែងតំបន់ទេសចរណ៏ផ្សោតព្រះរំកិល ដែលមានទំងន់ប្រមាណជិត ២០០ គីឡូក្រាម និងមានប្រវែងជាង២ម៉ែត្រ បច្ចុប្បន្ន ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការWWF បានធ្វើសំណាកទៅតាមបច្ចេកទេសទាក់ទងទៅនឹងការស្លាប់របស់សត្វផ្សោតនេះ និងយកទៅរក្សាទុកដើម្បីធ្វើពិសោធន៍រក ហេតុផលនៃការស្លាប់នេះ។

លោក ផយ វណ្ណា មន្ត្រីសហគមន៍ទេសចរណ៍នៅតំបន់ផ្សោតព្រះរំកិលនេះ បានបញ្ជាក់ថា៖កាលពី២ខែមុន សត្វផ្សោតបានស្លាប់មួយរួចមកហើយ ចំណែកខាងអង្គការ WWF យកសំណាកត្រីផ្សោតទៅពិនិត្យរកមូលហេតុ តែមិនបានចេញជាលទ្ធផលយ៉ាងណានោះទេ ហើយយុទ្ធសាស្ត្រការពារក៏មិនទាន់មានដែរ។

លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់រិះរកយន្តការធ្វើការអភិរក្សឱ្យមានប្រសិទ្ធភាពនិងកុំទម្លាក់កំហុសទៅលើអាកាសធាតុប្រែប្រួល ។

សូមបញ្ចាក់ថា៖នេះជាការស្លាប់ត្រីផ្សោតទី២ហើយ នៅខេត្តស្ទឹងត្រែងក្នុងឆ្នាំ២០២១នេះ ព្រោះកាលពីថ្ងៃទី២៣មេសាក៏មានសត្វផ្សោតញី១ក្បាល់ទម្ងន់ជាង១រយគីឡូក្រាម បានស្លាប់រួចមកហើយដែរ។

ការស្លាប់លើកនេះ ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ស្ថិតនៅចំណុច(កោះកក)ក្នុងភូមិសាស្ត្រទឹកដីភូមិក្រោម តាមដងទន្លេមេគង្គ ឃុំព្រះរំកិលស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែង៕

អត្ថបទទាក់ទង