ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាល​រាជធានី​ភ្នំពេញ កាត់​លះ​មែកឈើ​ដើម​ធំៗ​នៅតាម​បណ្តោយ វិថី​ព្រះ​អង្គឌួង និង​នៅលើ​សួន​កាណាឌីយ៉ា​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 67
រដ្ឋបាល​រាជធានី​ភ្នំពេញ កាត់​លះ​មែកឈើ​ដើម​ធំៗ​នៅតាម​បណ្តោយ វិថី​ព្រះ​អង្គឌួង និង​នៅលើ​សួន​កាណាឌីយ៉ា​ រដ្ឋបាល​រាជធានី​ភ្នំពេញ កាត់​លះ​មែកឈើ​ដើម​ធំៗ​នៅតាម​បណ្តោយ វិថី​ព្រះ​អង្គឌួង និង​នៅលើ​សួន​កាណាឌីយ៉ា​

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​ពី​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​៥​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ​២០២១ បាន​កាត់ និង​លះ​មែកឈើ​ដើម​ធំៗ​នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស ឬ​នៅលើ​សួន​កាណាឌីយ៉ា​មុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ក្នុង​ខណ្ឌដូនពេញ​។​

​លោក សំ សាមុត បានឱ្យដឹងថា ដើម​ឈឺ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​នេះ​មាន​ចំនួន​១០៥​ដើម ហើយ​ក្នុង​ចំនួន​នេះ​មាន​ដើម​គ្រាប់បែក ឬ​ដើម​គីនីន​ចំនួន​ជាង​៤០​ដើម ក្រៅពីនេះ​មាន​ដើម​គគី ឥន្ទនេល និង​ឈើទាល ។ ដើមឈើ​ធំៗ​និង​ចាស់ៗ​មាន​ចំនួន​៥០​ដើម ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ហើយ​។​

លោក​ប្រធាន​អង្គភាព​សួនច្បារ បាន​បន្តថា ក្រុមការងារ​បាន​កាត់​លះ​មែកឈើ​ខាងលើនេះ ពិតជា​មានការ​លំបាក​ខ្លះ ដោយសារតែ​យើង​ឡើង​កាប់​មួយ​មែក​ម្តង​ជាមួយនឹង​ការ​ចងខ្សែ​ទម្លាក់​មកក្រោម មួយ​មែក​ម្តងៗ​ផងដែរ​ព្រោះតែ​ខ្លាច​ខូច​ថ្នល់ ។ ដូច្នេះហើយ​លោក​សូម​ការយោគយល់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវ​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្រុមការងារ នឹង​សម្រុក​ធ្វើការ​ងារ​នេះ​ឱ្យបាន​រួចរាល់​បាន​មុន​គម្រោង​ដែល​បាន​គ្រោងទុក​។​

​សូមបញ្ជាក់ថា ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ កន្លងមក បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​បី​ដើម​ដែល​ត្រូវ​កាប់​ចេញ​នោះ ឯកឧត្ដម មិនឱ្យ​កាប់​ចេញ​ទេ​។ ដោយ​តម្រូវឱ្យ​កាត់​និង​លះ​មែកៗ ជាមួយនឹង​ការធ្វើ​ទម្រ​ទប់​ដើម​ផងដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជូនដំណឹង​ជុំវិញ​កា​រតាត់ លះ​មែកឈើ​នេះ​ផងដែរ​ដោយ​ក្រុមការងារ​នឹង​ប្រើប្រាស់​រយៈពេល​១​ខែ​។​

​យោងតាម​សេចក្តីជូនដំណឹង​នេះ បានឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ដើមឈើ​ធំៗ​នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស មាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​លះ​មែកឈើ​មួយចំនួន​ចេញ ព្រមទាំង​បន្ត​ថែទាំ និង​រក្សាទុក​ដើមឈើ​ធ្វើ​ទម្រ​ទប់​ដើម ដោយ​ចំណាយពេល​អនុវត្តន៍​ការងារ​រយៈពេល​០១​ខែ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ តទៅ​។​

​ដើម្បីឱ្យ​ការងារ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ខាងលើ បើ​មិនមាន​ការចាំបាច់​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រោះ​ដោយសារ​ក្រុមការងារ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​សម្រាប់​កាត់​មែកឈើ និង​រថយន្ត​ធុន​ធំ ដែល​អាច​បង្ក​ការកកស្ទះ​ចរាចរណ៍​៕

អត្ថបទទាក់ទង