ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 44
រដ្ឋបាលរាជធានីភ្នំពេញ ឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក រដ្ឋបាលរាជធានីភ្នំពេញ ឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន ២កន្លែងបន្ថែមទៀត នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក នៅពេលឆាប់ៗនេះ ដើម្បីឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុន ចុះស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ មុនគេនៅពេលដ៏ខ្លីខាងមុខនេះ ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅមុខសាលាឋមសិក្សាសន្ធរម៉ុក ត្រូវសិក្សាបន្តទៀតដោយសារតែចង់ពង្រីកគម្រោងស្ថាបនានេះ នៅលើផ្លូវប្រសព្វទំាង ៤ទិសត្រង់ភ្លើងស្តុបសន្ធរម៉ុកតែម្តង។

ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន, នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក ឃួង ស្រេង បានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខផ្សារដើមគរ នេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋ ចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់ ខណៈដែលក្រុមអ្នកជំនាញបានសិក្សាពីផលប៉ះពាល់រួចរាល់ហើយ។

លោកអភិបាលបន្តថា «ចំពោះគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ដោយសារតែអាជ្ញាធរ ចង់ធ្វើស្ពានអាកាសនេះនៅលើផ្លូវប្រសព្វទំាង៤ ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ»។

លោកអភិបាលរាជធានី បានថ្លែងទៀតថា «កិច្ចការងារនេះខ្ញុំចង់ឲ្យក្រុមហ៊ុនពង្រឹងកិច្ចសហការ ជាមួយមន្ទីររៀបចំដែនដី និងមន្ទីរសាធារណការ ហេតុអ្វីបានយើងត្រូវពង្រឹងកិច្ចការងារនេះ ដោយសារនៅលើរថយន្ត កំពុងធ្វើដំណើរ ចឹងអ្នកដំណើរឆ្លងកាត់ត្រូវមានសុវត្ថិភាព ហើយអ្នកជិះពីក្រោមក៏ត្រូវមានសុវត្ថិភាព។ ការពង្រឹងគុណភាពសំណង់ និងសោភ័ណភាពនេះ ដើម្បីឲ្យប្រជាពលរដ្ឋទទួលយកបាន យើងធ្វើនេះដើម្បីទាក់ទាញដែលសម្រួលដល់អ្នកឆ្លងកាត់ដោយទី១ កុំឲ្យគាត់ឆ្លងកាត់ ជាមួយឡានវាអាចប្រឈមនឹងគ្រោះថ្នាក់មានហានិភ័យទំាងសងខាង ទី២យើងធ្វើនេះ ដើម្បីឲ្យមានសុវត្ថិភាពទំាងព្រម ដែលនេះជាកិច្ចការមួយធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ទទួលយកការអភិវឌ្ឍរបស់យើង»។

តំណាងក្រុមហ៊ុនស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងការស្ថាបនាស្ពានអាកាសថ្មើរជើងទំាង ២កន្លែង នេះបានឲ្យដឹងថា ជាគម្រោងបច្ចេកទេសស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ គឺសាងសង់ដោយឆ្លងកាត់មហាវិថីម៉ៅសេទុង ដែលប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ ៨ផ្ទះ ប៉ុន្តែពួកគេនៅតែអាចចេញចូល និងចតរថយន្តបានដោយសារនៅសល់គម្លាតរហូត ដល់៥ម៉ែត្រពីគម្រោង។ ដោយឡែក គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក ក្រុមហ៊ុននឹងបន្តសិក្សាបន្ថែមទៀត»។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ៕

អត្ថបទទាក់ទង