ខ្មែរប៉ុស្ដិ៍ Close

វិស័យកសិកម្មខេត្តសៀមរាប មានសន្ទុះកើនឡើង ដោយកសិករនាំគ្នាដាំដំណាំកាន់តែច្រើន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
វិស័យកសិកម្មខេត្តសៀមរាប មានសន្ទុះកើនឡើង ដោយកសិករនាំគ្នាដាំដំណាំកាន់តែច្រើន វិស័យកសិកម្មខេត្តសៀមរាប មានសន្ទុះកើនឡើង ដោយកសិករនាំគ្នាដាំដំណាំកាន់តែច្រើន

លោក ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា វិស័យកសិកម្មខេត្តសៀមរាបកំពុងតែងើបឡើងគួរឱ្យ កត់សម្គាល់ ដោយកសិករនាំគ្នាដាំដំណាំកសិកម្មដើម្បីលក់ទៅកាន់ទីផ្សារកាន់តែច្រើន និងអាចលើកកម្ពស់ជីវភាពបងប្អូន កាន់តែល្អប្រសើរ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធអគារសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ លោក ទៀ សីហា បានថ្លែងថា បច្ចុប្បន្ននេះ បណ្តាស្រុកមួយចំនួនរបស់ខេត្តសៀមរាប កំពុងអភិវឌ្ឍខ្លួន ឱ្យប្រែក្លាយជាតំបន់ដែលមានសក្តានុពលលើវិស័យកសិកម្ម និងកសិទេសចរណ៍យ៉ាងខ្លាំង។

លោករំពឹងថា ក្រោយពេលផ្លូវថ្នល់ទាំង៣៨ខ្សែ រួចរាល់ជាស្ថាពរ នឹងធ្វើឱ្យបណ្តាស្រុកដែលនៅជាប់ក្រុងសៀមរាបទាំងនោះ កាន់តែមានភាពងាយស្រួលក្នុងការវិនិយោគលើវិស័យកសិកម្ម។

ទេសចរណ៍យើងធ្លាក់ចុះខ្លាំង ប៉ុន្តែវិស័យកសិកម្ម យើងកំពុងបន្តព្យាយាមថា តស៊ូដើម្បីជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុក តែក្នុងនោះខ្ញុំឃើញថា ស្រុកនៅក្នុងខេត្តសៀមរាបដែលកំពុងលេចធ្លោ ក្នុងការ អភិវឌ្ឍលើវិស័យកសិកម្ម ឬកសិកម្មទេសចរណ៍ គឺកំពុងលេចមុខលេចមាត់ ដូចជា ស្រុកប្រាសាទបាគង បន្ទាយស្រី ជីក្រែង ចាប់ផ្តើមតិចៗ ស្រុកវ៉ារិន្ទ ពួកនិងក្រឡាញ់ នេះជាស្រុកដែលនៅជុំវិញក្រុងដែលកំពុងចាប់យក អ្វីដែលក្រុងអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ និងមានផ្លូវទៅដល់ស្រុកឱ្យបានល្អប្រសើរ ខ្ញុំជឿជាក់ថា នេះក៏ជាកត្តាមួយដែលអាចជំរុញការវិនិយោគទុន នៅតាមបណ្តា ស្រុក។

លោក បានកោតសរសើរសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសការខិតខំទាក់ទាញវិនិយោគគិនជាច្រើន មកកណ្តាក់ទុននៅក្នុងខេត្តសៀមរាប ដើម្បីជំរុញកំណើនសេដ្ឋរបស់ខេត្ត ឱ្យកាន់តែប្រសើរឡើង និងបានចូលរួមកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង