ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបដាក់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមទី២ ខណ:អាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ខេត្តនេះ !

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
ខេត្តសៀមរាបដាក់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមទី២ ខណ:អាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ខេត្តនេះ ! ខេត្តសៀមរាបដាក់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមទី២ ខណ:អាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ខេត្តនេះ !

ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមទី២ នៅត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបើកដំណើរការធ្វើសកម្មភាព ខណ:ថ្ងៃដំបូងត្រួតពិនិត្យលើអ្នកដំណើរឆ្លងកាត់ប្រមាណ១,៥០០នាក់។ ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការត្រួតពិនិត្យសុខភាពបន្ថែមទៀតមុនធ្វើដំណើរឆ្លងកាត់។

លោកស្រី ម៉ន់ រង្សី អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ការដាក់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនេះ គឺដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបង្កលក្ខណ:ងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ លោកស្រីបន្តថា សម្រាប់ស្ថានភាពអនុវត្តការងារត្រួតពិនិត្យសុខភាពនៅថ្ងៃដំបូងក្នុងទីតាំងថ្មីនេះគឺមានលក្ខណ:ល្អប្រសើរ គ្មានអ្វីឋគួរឱ្យព្រួយបារម្ភនោះទេ ដោយប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ហើយបានចូលរួមសហការក្នុងស្មារតីទទួលខុសត្រូវជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩។

គិតត្រឹមម៉ោង៥ល្ងាចនេះ ក្រុមការងារបានត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងមកចូលខេត្តសៀមរាប ចំនួន១,៥៥២នាក់ ស្រី៤៣៧នាក់ និងជនជាតិចិនចំនួន ៥នាក់។ លោកស្រីបានបន្ថែមថា ការត្រួតពិនិត្យនេះគឺធ្វើឡើង២៤ក្នុងមួយថ្ងៃ និងអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាអធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរខេត្តបន្ថែមទៀត ជាមួយនោះអាជ្ញាធរខេត្តក៏ជំរុញឱ្យក្រុមការងារពន្លឿនការត្រួតពិនិត្យកុំប្រជាពលរដ្ឋ ឬអ្នកដំណើររង់ចាំយូរផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសសម្រេចបន្ថែមទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមទី២ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ថែមលើទីតាំងចាស់ ចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយរក្សាឱ្យការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ គ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ប៉ុន្តែមិនមានតម្រូវឱ្យធ្វើចត្តាឡីស័កទេ លើកលែងតែករណីសង្ស័យ ហើយក្នុងនោះ ក្រុមការងារក៏បានណែនាំដល់ជាពលរដ្ឋ ឱ្យអនុវត្តការវាស់កំដៅខ្លួន និងការស្គែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ-១៩”ផងដែរ ៕

អត្ថបទទាក់ទង