ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាចាប់ផ្តើមមានសាលាបណ្តុះបណ្តាលជំនាញវិស្វកម្មសំណង់ស្ពានថ្នល់ជាលើកដំបូង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 24
កម្ពុជាចាប់ផ្តើមមានសាលាបណ្តុះបណ្តាលជំនាញវិស្វកម្មសំណង់ស្ពានថ្នល់ជាលើកដំបូង កម្ពុជាចាប់ផ្តើមមានសាលាបណ្តុះបណ្តាលជំនាញវិស្វកម្មសំណង់ស្ពានថ្នល់ជាលើកដំបូង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការសាលាបណ្តុះ បណ្តាលលើជំនាញវិស្វកម្មសំណង់ស្ពានថ្នល់ជាលើកដំបូង ដើម្បីបង្កើនធនធានមនុស្សក្នុងស្រុក ខណៈកន្លងមក ក៏ដូចជាបច្ចុប្បន្ន រាល់ការអភិវឌ្ឍវិស័យសំណង់ស្ពាន ថ្នល់ ផ្លូវដែក និងកំពង់ផែនានា ពឹងតែទៅលើវិស្វករពីបរទេស។

វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា ក្នុងសង្កាត់ ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ នឹងចាប់ផ្តើមទទួលសិស្ស និស្សិតចំនួន២០០នាក់ ឱ្យចូលសិក្សាសម្រាប់ឆ្នាំដំបូងនៅដើមឆ្នាំ ២០២១នេះ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១២ ខែមករា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សិស្ស និស្សិតដែលត្រូវចូលរៀនជំនាញវិស្វកម្មសំណង់ស្ពានថ្នល់នេះ គឺមានរយៈពេល២ឆ្នាំ និង៥ឆ្នាំ ដើម្បីទទួលបានជំនាញច្បាស់លាស់ ជាមួយការអនុវត្តជាក់ស្តែង ទាំងក្នុងមន្ទីរពិសោធន៍ និងនៅតាមការដ្ឋានសំណង់ស្ពាន ថ្នល់នានា។ ឯកឧត្តម បន្តថា និស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា បានយ៉ាងមានប្រសិទ្ធភាព និងគុណភាពខ្ពស់ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នេះជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់កូនខ្មែរទទួលបានជំនាញវិជ្ជាជីវៈលើការអភិវឌ្ឍវិស័យសំណង់ស្ពាន ថ្នល់ ផ្លូវដែកដោយខ្លួនឯង ខណៈចាប់តាំងពីទសវត្សរ៍៨០ រហូតដល់បច្ចុប្បន្ន កម្ពុជាមិនទាន់មានវិទ្យាស្ថានណាបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូននៅឡើយ ដោយបានត្រឹមតែបញ្ជូននិស្សិត ឬមន្ត្រីទៅសិក្សានៅក្រៅប្រទេស។

សូមបញ្ជាក់ថា វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន អាចផ្ទុកនិស្សិតឱ្យចូលរៀនបានសរុប៦០០នាក់ ប៉ុន្តែសម្រាប់ឆ្នាំដំបូងនេះ គឺជ្រើសរើសតែ២០០នាក់សិន ដោយក្រសួងទាំងពីរកំពុងពិភាក្សាលើថ្លៃសិក្សា ឬការផ្ដល់អាហារូបករណ៍៕

អត្ថបទទាក់ទង