ខ្មែរប៉ុស្ដិ៍ Close

វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 238
វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្តប៉ៃលិន​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សានិងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា

(ខេត្តប៉ៃលិន)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានបន្តរៀបចំ​«វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៨​ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដោយមានការសហការពេញលេញពីសំណាក់អាជ្ញាធរខេត្ត​ទាំងបីនេះ ក្នុងគោលបំណងស្វែងយល់សុខទុក្ខតាមរយៈការពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តនីមួយៗ។

នៅក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តទាំងបីនេះ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ លោក ងួន រតនៈ អភិបាល​ខេត្តបាត់ដំបង​ ​លោក កើត សុធា អភិបាល​ខេត្តប៉ៃលិន និង​លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត​ប៉ៃលិន និង​ដោយមានការចូលរួមពីតំណាងតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងបីនេះ។

ដោយស្ថិតក្នុង​បរិយាកាសស្និទ្ធស្នាល វ.ស.ស. អាជ្ញាធរខេត្ត​​ និង​តំណាងអង្គការ សមាគម សហជីព និងសហគមន៍ បានធ្វើការសន្ទនាពិគ្រោះយោបល់ត្រង់ទៅត្រង់មកជាមួយគ្នា ដោយបាន​លើក​​ឡើង​អំពី​​​បញ្ហាប្រឈមជាក់ស្តែងដែលកើតមាន​នៅក្នុងមូលដ្ឋាននៃខេត្តនីមួយៗ រួមទាំង​សំណូមពរមួយចំនួន​ផងដែរ។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរជាក់ស្តែង​មួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបាន​ដោះស្រាយ​នៅក្នុងកិច្ចសន្ទនាដោយផ្ទាល់តែម្តង។ ចំពោះបញ្ហាប្រឈម​និង​សំណូមពរមួយចំនួនទៀត អាជ្ញាធរខេត្តនិង​ភាគី​ពាក់ព័ន្ធ សន្យាថា​​នឹង​លើកយកទៅពិភាក្សា​ឱ្យបាន​ល្អិតល្អន់ ដើម្បីស្វែងរកដំណោះស្រាយ។

អង្គវេទិកាសន្ទនាទាំង​បីនេះ ​បាន​វាយតម្លៃខ្ពស់ចំពោះការ​រៀបចំ​ឱ្យ​មានវេទិកាសន្ទនាបែបនេះ ដោយបានចូលរួម​ចំណែកក្នុងការចែករំលែកនូវទស្សនៈនិង​បទពិសោធន៍រវាងគ្នាទៅវិញទៅមក សំដៅពង្រឹងភាពជាដៃគូជាមួយ​គ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតែង​តែ​ផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទី​និង​ការចូលរួមចំណែក​របស់​អង្គការសង្គមស៊ីវិល ដែលបានបំពេញការ​ងារ​យ៉ាងសកម្ម ជាមួយ​គ្រប់ភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និង​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការរីកចម្រើន​ប្រកប​ដោយចីរភាព។ ក្នុងន័យនេះ វ.ស.ស. គឺជាយន្តការសម្របសម្រួលបន្ថែម​ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និង​​អង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ​​ឲ្យកាន់តែមានការរីកចម្រើន។ វ.ស.ស. នឹង​ចូលរួម​ជំរុញ​តួនាទី​របស់​អង្គការ​​សង្គមស៊ីវិល​ និង​លើកទឹកចិត្តឱ្យ​​អង្គការសង្គមស៊ីវិល​​ចូលរួម​ចំណែកកាន់តែសកម្មថែមទៀត ក្នុងការ​អនុវត្ត​គម្រោងជាក់ស្តែង ដែល​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការជាក់ស្តែង​របស់ប្រជាពលរដ្ឋ​​មូលដ្ឋាន តាមរយៈអង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.៕