ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។ នេះបើតាមលិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះ។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀតចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»។

លោករដ្ឋមន្រ្តី បានបន្តថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ ម្តងរួចម្តងហើយ កាលខែមិថុនា ឆ្នាំ២០១៩ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

ពាក់ព័ន្ធនឹងករណីនេះ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រ៕