ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងចាប់ផ្ដើមប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google ក្នុងពេលខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 20
កម្ពុជានឹងចាប់ផ្ដើមប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google ក្នុងពេលខាងមុខ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នាជំនួបថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ គឺជាជំនួបរវាងលោក ជា វ៉ាន់ដេត ដែលជារដ្ឋមន្ដី្រ ក្រសួងប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍ ជាមួយនឹងតំណាងក្រុមហ៊ុន​ Facebook ដែលប្រព្រឹត្ត ឡើងតាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការស្ដីពីការប្រមូល យកពន្ធលើសេវាកម្មឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាអន្ដរជាតិដែលមិនទាន់ចុះបញ្ជីនៅកម្ពុជា។

តាមរយៈកិច្ចពិភាក្សានេះដែរ បានធ្វើឲ្យកម្ពុជាអាចស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតពាក់ព័ន្ធជាមួយវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ជាពិសេសទាក់ទិនជាមួយនឹង គម្រោងមជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តដែល ពាក់ព័ន្ធជាមួយនឹងវិស័យទាំងនេះ។

មែនទែនទៅកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ លោក គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ ស្ដីពីការកំណត់យកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអន្ដរជាតិដែលមិនទាន់ចុះបញ្ជីនៅ ក្នុងប្រទេសកម្ពុជាដើម្បីបង្កើនថវិកាជូនជាតិ។

ជាមួយគ្នានេះដែរ លោក ជា វ៉ាន់ដេត ក៏បានអះអាងដែរថា ក្រសួងប្រៃសណីយ៍នឹងនៅតែបន្ដការគាំទ្រ ផ្នែកបច្ចេកទេសដល់អគ្គនាយកដ្ឋានពន្ធដា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រាក់ចំណូល​ពន្ធជូនទៅដល់រដ្ឋ។

គួរបញ្ជាក់ដែរថា បើគិតចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានជួបជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែល ឈានមុខគេនៅលើពិភពលោកមួយចំនួនរួចមកហើយ ដែលជំនួបទាំងនោះធ្វើឡើងដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការក្នុងការកំណត់យកពន្ធទៅលើក្រុមហ៊ុនណាដែលមិនទាន់ចុះបញ្ជីនៅកម្ពុជា។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង នោះរួមមាន Facebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ៕

អត្ថបទទាក់ទង