ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។
អ្នកជំងឺទាំង២នាក់ ដែលព្យាបាលជាសះស្បើយនោះរួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភរិយាបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ដោយជាសះស្បើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២៖ បុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងអ្នកជំងឺចំនួន ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានអ្នកឆ្លងសរុបចំនួន៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៣នាក់៕