ខ្មែរប៉ុស្ដិ៍ Close

កិច្ចការសំខាន់ៗ ៤ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ របស់ ICC-Preah Vihear

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
កិច្ចការសំខាន់ៗ ៤ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ របស់ ICC-Preah Vihear កិច្ចការសំខាន់ៗ ៤ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៦ របស់ ICC-Preah Vihear

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ីព្រះវិហារ (ICC-Preah Vihear) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៦ របស់ខ្លួន ដោយផ្តោតលើការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើត ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

កិច្ចប្រជុំគណៈកម្មាធិការ ICC-Preah Vihear ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា រួមជាមួយបណ្តាប្រទេសជាសមាជិកចំនួន ៦ ទៀត ដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិច ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ-អន្តរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធ Video Conference នាថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ។

នៅឆ្នាំនេះ កិច្ចពិភាក្សារបស់គណៈកម្មាធិការ ICC-Preah Vihear គឺផ្តោតការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear តែងរៀបចំកិច្ចប្រជុំ ICC-Preah Vihear ២ ដង ក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅរៀងរាល់ខែកញ្ញា ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ កិច្ចប្រជុំនេះត្រូវបានលើកពេលជាច្រើនដង ហើយដែលត្រូវបានអង្គប្រជុំសម្រេចធ្វើការប្រជុំនៅដំណាច់ឆ្នាំ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានអនុវត្តមួយឆ្នាំកន្លងមកនេះ៕

អត្ថបទទាក់ទង