កម្ពុជាចូលរួម ៧លានដុល្លារ ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS
ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ នាព្រឹកថ្ងៃទី៩ ខែធ្នូ តាមប្រព័ន្ធវិដេអូ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការចូលរួមរបស់កម្ពុជា ចំនួន ៧លានដុល្លារ ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។ មូលនិធិអភីវឌ្ឍន៍ ACMECS ដែលមានប្រទេសចំនួន ៥ ជាសមាជិក រួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពន្លឿនការងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថៃបានសន្យាផ្តល់វិភាគទាន ចំនួន ២០០លានដុល្លារអាមេរិក ជាមូលនិធិដំបូង សម្រាប់ការបង្កើតមូលនិធិអភិវឌ្ឍន៍ ACMECS។ ក្នុងស្មារតី រាជរដ្ឋាភិបាលកម្ពុជា ក៏បានសន្យាផ្តល់វិភាគទាន ៧លានដុល្លារអាមេរិក ហើយសម្តេចក៏ទន្ទឹងរង់ចាំស្វាគមន៍ការចូលរួមដោយស្ម័គ្រចិត្តរបស់ពីសមាជិកដទៃទៀត ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជាមួយនឹងនឹងផ្តល់វិភាគទានហិរញ្ញវត្ថុគ្រប់គ្រាន់ និងក្រុមប្រឹក្សាប្រតិបត្តិ ដែលមានសមត្ថភាព ខ្ញុំពិតជាមានសុទិដ្ឋនិយមថា យើងអាចចាប់ផ្តើមអនុវត្តគម្រោងអាទិភាពក្រោមផែនការមេ ACMECS ២០១៩-២០២៣ ដោយរលូន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ប្រទេសសមាជិក ACMECS ស្មើនឹងពាក់កណ្តាលនៃប្រទេសសមាជិកអាស៊ានទាំង ១០ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ាន ក្នុងករណី ដែល ACMECS ដែលមានប្រទេសជាសមាជិកថ្មីថ្មោង ចំនួន ៤ គឺទទួលបាននូវការអភិវឌ្ឍ វានឹងកាត់បន្ថយបាននូវគម្លាត ហើយវាក៏ទទួលបាននូវការធ្វើសមាហរណកម្ម។
សូមរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បង្ហាញថា នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩។ កិច្ចប្រជុំកំពូលទាំងពីរនេះ ត្រូវដឹកនាំដោយឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្តីប្រកាស លើកឡើងថា ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» កិច្ចប្រជុំកំពូល ACMECS លើកទី៩ ពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យ ដែលនឹងដើរតួនាទីជាក្របខ័ណ្ឌសាមគ្គីភាពដ៏សំខាន់ សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នា ក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ មានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់សមាហរណកម្មតំបន់» នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅ នាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញ ក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះ នៅពេលបន្ទាប់។
ក្រសួងការបរទេស បន្ថែមថា កិច្ចប្រជុំកំពូល CLV DTV លើកទី១១ ពិនិត្យឡើងវិញពីវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕