ខ្មែរប៉ុស្ដិ៍ Close

បទយកការណ៍៖ កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រឹង​គុណ​ភាពផលិតផលរបស់ខ្លួន សម្រាប់ការនាំចេញ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 11
បទយកការណ៍៖ កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រឹង​គុណ​ភាពផលិតផលរបស់ខ្លួន សម្រាប់ការនាំចេញ បទយកការណ៍៖ កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រឹង​គុណ​ភាពផលិតផលរបស់ខ្លួន សម្រាប់ការនាំចេញ

ស្របពេលដែលតម្រូវការផលិតផលនៅលើទីផ្សារក្នុងស្រុក និងពិភពលោកកំពុងតែមាន​ការ​អភិវឌ្ឍ​យ៉ាងឆាប់រហ័ស ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា និងគុណភាព ស្ដង់ដារលើ​ផលិតផល ដើម្បីប្រកួតប្រជែងនោះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានចាប់​ផ្ដើម​ប្រមូល​ផ្ដុំគ្នាបង្កើតជាសួនបណ្ដុំសហគ្រាសមួយក្នុងគោលដៅពង្រឹង​ការ​​គ្រប់គ្រង និង​លើក​​​កម្ពស់​សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈ​ដំណើរ​ការផលិត​កម្ម អាជីវកម្ម និង​សេវា​​កម្ម​​នៅ​មួយកន្លែង ដែលផ្ដល់ការផ្គត់ផ្គង់ ​និងបំពេញឱ្យគ្នា​ទៅវិញ​ទៅមក សម្រាប់ធ្វើ​ការនាំ​ចេញ។

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើល​ឃើញថា ការបង្កើតបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះ គឺជាការជួយគ្នាទៅវិញទៅមក ប្រមូលផ្ដុំនូវ​បច្ចេកវិទ្យាថ្មីៗ និងបច្ចេកទេសសម្រាប់ចែករំលែកចំណេះដឹងដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឱ្យមានលក្ខណៈគ្រប់ស្ដង់ដារ ផលិតផលមានគុណភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារនាពេលខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា សម្រាប់​សហគ្រាសធុនតូច​និង​មធ្យមដែលចូលមកក្នុង​គម្រោងបង្កើត​តំបន់ប្រមូលផ្តុំ​សហគ្រាសធុនតូច ​និង​មធ្យមនេះ ត្រូវផលិតនូវផលិតផល​ដែលមានគុណភាព និងផលិត​ផលពិតប្រាកដ មិនលួចចម្លង ឬកូពី​ពីណានោះទេ ដែលមានការការពារកម្មសិទ្ធិបញ្ញាគ្រប់​គ្រាន់ ដើម្បីធានាគុណភាព​ផលិត​ផលរបស់កម្ពុជាសម្រាប់ធ្វើការនាំចេញទៅកាន់​ទីផ្សារ​អន្ដរជាតិ គឺគេទទួលស្គាល់​ថាជា​របស់​កម្ពុជា ដោយគោរពតាមស្ដង់ដារកម្ពុជាផង និងស្ដង់​ដារ​​អន្ដរជាតិផង ដើម្បីដណ្ដើម​ទីផ្សារ និងការប្រកួតប្រជែងត្រឹមត្រូវ។

ថ្លែងក្នុងពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ ”សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម” របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដអ៊ិនដាសស្ទ្រៀលឌីវេឡុបម៉ិនឯ.ក(Worldbrigde Industrial Development Co., Ltd.) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ស្ថិត​នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការប្រមូលផ្ដុំគំនិតដើម្បីជួយដល់សហគ្រាស​ខ្នាត​តូច និងមធ្យម ដែលកំពុងតែធ្វើនៅពេលនេះ រាជរដ្ឋាភិបាលក៏ដូចជា​ក្រសួងឧស្សាហកម្ម​បាន​ខិតខំស្វែង​រកវិធី​ដើម្បីជួយដល់SMEទាំងនេះ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​បច្ចេកទេសថ្មីៗ សិក្ខាសាលា ការគ្រប់គ្រងរោងចក្រ សហគ្រាសរបស់ខ្លួនឱ្យមានលក្ខណៈ​គ្រប់​ស្ដង់ដារ ផលិតផលឱ្យមានគុណភាព ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស ស្រប​តាម​ស្ដង់ដារ​អន្ដរជាតិ និងការកំណត់របស់កម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋ​មន្ត្រី​បានបន្ដថា សហគ្រាសនៅកម្ពុជាត្រូវតែមានការវិវត្ដ ដោយមិនត្រូវធ្វើតាមរបៀប​បុរាណ​ដែលយើង​ធ្វើកន្លង​មកបន្ដទៀតនោះទេ ត្រូវតែចាប់យក​បច្ចេកវិទ្យាថ្មីៗដែលមាន​នៅ​លើពិភពលោក។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានបន្ដទៀតថា បើទោះបី​កម្ពុជា​យើងយឺតជាងគេ​មែន ប៉ុន្ដែ​ពេលអនុវត្ដន៍បច្ចេកវិទ្យាយើងមិនត្រូវយកបច្ចេកវិទ្យា​ដែល​គេធ្វើហើយនោះទេ ត្រូវយក​បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីយកមក​អភិវឌ្ឍន៍​ប្រទេស ហើយដើរ​តាម​ទាន់សភាពការណ៍ និងតម្រូវការរបស់ពិភពលោក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “យើងចង់ប្រមូលផ្ដុំសហ​គ្រា​សខ្នាតតូច និងមធ្យមមក ដើម្បីឃុំគ្រង និងជួយឧបត្ដម្ភពួកគាត់សព្វបែបយ៉ាង ព្រម​ទាំង​ជួយតម្រង់ទិសទៅរកទីផ្សារនៅលើពិភពលោកបាន បើមិនអីច្ចឹងទេ សហគ្រាសខ្នាត​តូច និងមធ្យមកើតហើយស្លាប់ៗ។ យើងខិតខំលើកទឹកចិត្ដឱ្យសហគ្រាសខ្នាតតូច និង​មធ្យមប្រកាន់យកនូវបច្ចេកវិទ្យាដែលចាំបាច់សម្រាប់អភិវឌ្ឍន៍លើខ្លួនឯងនាពេលអនាគត”។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា អ្វីដែលជាបច្ចេកវិទ្យា​ចុង​ក្រោយនៅលើពិភពលោក សហគ្រាសខ្នាតតូច និងមធ្យម ត្រូវចាប់យកឱ្យបាន ដើម្បីជំរុញ​អភិវឌ្ឍន៍ខ្លួនឯងលើបច្ចេកវិទ្យាឌីជីថល នាពេលខាងមុខ។ ទន្ទឹមនេះ ការបម្រែបម្រួល​ឌីជីថល គឺមានទំហំធំណាស់ ដែលបច្ចេកវិទ្យាទាំងអស់ នឹងមានការវិវត្ដខ្លួនទៅទាំងអស់ ហើយប្រសិនបើយើងមិនបានក្ដាប់បាននូវការវិវត្ដរបស់ទីផ្សារលើពិភពលោកនោះទេ ផលិត​​ផលរបស់យើងក៏មិនអាចប្រកួតប្រជែង និងស្វែងរកអតិថិជន ដើម្បីទិញផលិត​ផល​របស់យើងនោះទេ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានចាត់ទុក​ការបង្កើត​សួន​បណ្តុំសហគ្រាសធុនតូចនិងមធ្យមនេះ គឺពិតជាមាន​សារៈសំខាន់​ណាស់ដោយសារតែ​ការ​ប្រមូល SME ដើម្បីយកមកធ្វើនេះ គឺស្របតាមសេចក្ដីត្រូវ​ការនៅ​លើទីផ្សារមាន បើពួកគាត់​ខ្វះទុនគឺមានប្រភពហិរញ្ញវត្ថុ ធនាគារសម្រាប់ផ្ដល់ការគាំទ្រដល់ SME ការផ្ដល់កម្ចីពង្រីកនូវ​អាជីវកម្ម រួមទាំងការបណ្ដុះបណ្ដាលនូវបច្ចេកវិទ្យា ជំនាញកាន់បញ្ជីគណនេយ្យ និងបណ្ដុះ​បណ្ដាលការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពថែមទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានថ្លែងឱ្យដឹងទៀតថា ក្នុងសួនបណ្តុំសហ​គ្រាសធុនតូចនិងមធ្យមនេះ គឺមិនមែនសុទ្ធតែសហគ្រាសធុនតូច និងមធ្យមទាំងអស់ អាច​ចូលមកក្នុងនេះបាននោះទេ ប្រសិនបើ SME មិនបានធ្វើការអភិវឌ្ឍខ្លួន ឬផលិតផលដោយ​ប្រើប្រាស់​នូវបច្ចេកវិទ្យាចុងក្រោយ ឬបច្ចេកវិទ្យាជាន់ខ្ពស់ដែលទីផ្សារត្រូវការទេ គឺគ្មាន​ប្រយោជន៍នោះទេ។ ជាមួយគ្នានេះ ការចូលមកវិនិយោគរបស់ SME ក្នុងគម្រោងសួនបណ្តុំ​សហគ្រាសធុនតូចនិងមធ្យមនេះគឺ SME ពេលដែលផលិតហើយ ត្រូវតែមានទីផ្សារលក់​ផលិតផលរបស់ខ្លួន ក្នុងនោះ​អាចផលិតជាគ្រឿងបង្គុំ ឬផលិតផលពាក់កណ្ដាលសម្រេច ដើម្បីនាំចេញទៅលក់នៅទីផ្សារពិភពលោក។ សម្រាប់ SME ដែលត្រូវផលិត នៅទីនេះ គឺត្រូវផលិតនូវឧបករណ៍ និងសម្ភារបច្ចេកវិទ្យាខ្ពស់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង​ការផ្គត់ផ្គង់ផលិតផលនៅទីផ្សារនាពេលខាងមុខ។

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម​កម្ពុជា​បាន​លើកឡើងថា ការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះ នឹងផ្ដល់នូវអត្ថ​ប្រយោជន៍​ជាច្រើនដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដែលអាចជួយជ្រោមជ្រែង​ទាំងផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារជាដើម។ លោកឧកញ៉ាបានបញ្ជាក់ថា “ នៅក្នុងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមពិតជាមានឱកាសជាច្រើនសម្រាប់សហ​គ្រាស​ធុនតូច និងមធ្យមក្នុងការសម្រួលនីតិវិធីផ្លូវច្បាប់ផ្សេងៗ ដូចជាការលើកទឹកចិត្ដ​ពន្ធដារ ការលើកទឹកចិត្ដផ្នែកគយជាដើម ហើយក៏មានភាពងាយស្រួលដល់រាជរដ្ឋាភិបាល​ក្នុងការជួយសម្រួលដល់ផ្នែកជាច្រើនទៀតផងដែរដូចជាថ្លៃទឹក ថ្លៃអគ្គិសនីជាដើម”។

លោកឧកញ៉ាសង្ឃឹមថា សហ​គ្រាសធុនតូច និងមធ្យម ដែលចូលទៅក្នុងសួនបណ្ដុំ​សហ​គ្រាស​ធុនតូច និងមធ្យមនេះ​ហើយ នឹងទទួលបាននូវផលប្រយោជន៍ជាច្រើន​សម្រាប់​អាជីវកម្មរបស់ខ្លួន។ លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា “ការបង្កើតសួនបណ្ដុំ​សហគ្រាស​ធុនតូច និងមធ្យមនេះ​ក៏បានផ្ដល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យមមានភាពងាយ​ស្រួលក្នុងការរៀបចំ​ស្ដង់​ដារបច្ចេកទេសរបស់ខ្លួនឱ្យសមស្របតាមទីផ្សារក្នុងស្រុក និង​ក្រៅស្រុក”។
លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ វើលដ៍ប្រ៊ីដអ៊ិនដាស​ស្ទ្រៀលឌីវេឡុបម៉ិនឯ.ក(Worldbrigde Industrial Development Co., Ltd.) បានឱ្យដឹងថា ការ​បង្កើតសួនអេកូសហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណង​ពង្រឹង​ការ​​គ្រប់គ្រង និង​ជំរុញ​លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ សហគ្រាសធុន​តូច​និងមធ្យម តាមរយៈ​កិច្ចដំណើរការផលិតកម្ម អាជីវកម្ម និងសេវាកម្មនៅមួយកន្លែង ដែលមានភាព​ប្រទាក់​ក្រឡាគ្នាផ្គត់ផ្គង់និងបំពេញឱ្យគ្នាទៅវិញទៅមក។ លោកឧកញ៉ា​បានបន្ដថា គម្រោងសាង​សង់នេះ មានរយៈពេល៨ ខែ និងគ្រោងបញ្ចប់នៅឆ្នាំចុងឆ្នាំ ២០២១ ដែលអាចផ្តល់អត្ថ​ប្រយោជន៍​ដល់សហគ្រាសធុនតូចនិងមធ្យម ឬសហគ្រិននានា ឱ្យយល់ដឹងអំពីសារៈ​សំខាន់​​ក្នុងការ​បង្កើតជាចង្កោមខ្សែសង្វាក់ផលិតកម្ម​ពេញលេញ និង​ឆ្លើយតបយឱគ្នាទៅ​វិញទៅមក ​ដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ី នៅក្នុង WORLDBRIDGE I4.0 SME CLUSTER យើងនេះ។ លោកឧកញ៉ាបានបន្ដទៀត តាមរយៈ​ការវិនិយោគជាផ្លូវការ​លើ​សេវាកម្មដែលមានស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធដែល​អាចជឿទុកចិត្តបានសម្រាប់​សហ​គ្រាសធុនតូចនិងមធ្យមនេះ ​ខ្សែសង្វាក់ផលិតកម្មពិតជាអាចលើកស្ទួយ ផ្តល់តម្លៃ​ បង្កើត​ធនធាន ចំណេញពេលវេលា មានស្មារតីច្នៃប្រឌិតផលិតកម្ម និងការគ្រប់គ្រងប្រកបដោយ​គុណភាព និងប្រសិទ្ធភាពក្នុងការចំណាយ។

លោកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងដែរថា ក្រុមហ៊ុន Worldbridge Industrial Developments ​នឹងបន្តកិច្ចសហការគ្នាលើកកម្ពស់ការអភិវឌ្ឍ និងបង្កើតឱកាសឱ្យកាន់​តែប្រសើរក្នុងការធ្វើនវានុវត្តន៍លើវិស័យនានាមួយចំនួន ដែលក្នុងនោះក៏មានផ្នែកដឹក​ជញ្ជូន​​ផងដែរ ក្នុងបំណងជួយទ្រទ្រង់ដល់​ក្រុមគ្រួរសារដែលមានចំណូលទាប និងមធ្យម សម្រាប់សហគ្រាសធុនតូច​ និងមធ្យម ព្រមទាំងសម្រាប់អាជីកម្មថ្មីៗបន្ថែមទៀត។ “ជាមួយ​នឹងកិច្ចសហប្រតិបត្តិការនេះ យើងពិតជានឹងអាចសម្រេចបាននូវសមិទ្ធផលដ៏មានសារៈ​សំខាន់មិនត្រឹមតែសម្រាប់អតិថិជនរបស់យើងប៉ុណ្ណោះទេ គឺថែមទាំងអាចផ្តល់​ការលើក​ស្ទួយដល់ពលរដ្ឋដទៃៗទៀតនៅទូទាំងប្រទេសកម្ពុជាឱ្យអាចរៀនសូត្រពីយើង និងរិះរក មធ្យាបាយច្នៃប្រឌិត ឱ្យបាន​កាន់តែល្អប្រសើរជាងយើងថែមទៀត”​។ នេះជាការលើកឡើង​បន្ថែម​របស់លោកឧកញ៉ា សៀ ឬទ្ធី។

ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បានគូសបញ្ជាក់​ថា វិស័យ​សហគ្រាសខ្នាតតូច និងមធ្យម(SMEs) នៅ​កម្ពុជា មាន​អាយុ​កាល​ក្មេងខ្ចី​នៅឡើយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិតខាង ​និង​ពិភពលោក​។ ឯកឧត្ដម​បណ្ឌិត​បានលើកឡើងថា វិស័យ SMEs ប្រទេស​ខ្លះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ ខ្លះ​ទៀត​មាន​អាយុកាល​កន្លះ​សតវត្សរ៍ តែ​គេ​នៅ​តែ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បន្ត​ទៀត ដើម្បី​ឱ្យទាន់​នឹង​បច្ចេកវិទ្យា​រីក​ចម្រើន។

ឯកឧត្ដមបណ្ឌិតបានថ្លែងថា​ថា “​វិស័យ SME គឺ​មាន​សារៈសំខាន់​ណាស់ បើ​ទោះបីជា​ប្រទេស​នោះ​រីក​ចម្រើន​ប៉ុនណា​ក៏​គេ​នៅ​តែ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​វិស័យ​នេះ​ដែរ ។ ក្នុង​នោះ ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​រាជ​រដ្ឋាភិបាល​ដូច​គ្នា។ ​យើង​មើលឃើញ​ថា អ្វី​ដែលរាជ​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​កំពុង​ធ្វើ​នឹង​អាច​ជំរុញ​ឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កាន់តែ​មាន​សន្ទុះ​មួយ​កម្រិត​ទៀត”។ ឯកឧត្ដមក៏បានគាំទ្រចំពោះ​គម្រោង​បង្កើត​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យមនេះ ដែល​ស្វាគមន៍​ទាំង​វិនិយោគិន​ក្នុងស្រុក និងមក​ពីបរទេស ដើម្បីចូលមក​អភិវឌ្ឍ​ន៍​ក្នុង​គម្រោង​នេះ។

ឯកឧត្តមបណ្ឌិតកត់សម្គាល់ឃើញថា “វាក៏​ជាឱកាស​នៃការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការសិក្សា​ពីបទពិសោធន៍​ជាក់ស្តែង​របស់​វិនិយោគិនបរទេស និងការសិក្សា​ពី​បច្ចេកវិទ្យាថ្មីៗ​ទាំងអស់នោះ”។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងបន្ថែមថា “សួន​បណ្តុំ​សហគ្រាសធុនតូចនិងមធ្យមនេះ ត្រូវចាត់​ទុកជាតំបន់សេដ្ឋកិច្ចពិសេសអាទិភាព​របស់រាជ​រដ្ឋាភិបាល ដែលទម្លាយទីផ្សារ​ពិភពលោក​តាមរយៈការនាំចេញនូវ​ផលិតផល​របស់​កម្ពុជា​តាមច្រកតំបន់សេដ្ឋកិច្ចពិសេសនេះនាពេលខាងមុខបន្ដបន្ទាប់ទៀត”៕

អត្ថបទទាក់ទង