ខ្មែរប៉ុស្ដិ៍ Close

វីរុសកូរ៉ូណាមិនឆ្លងមកក្មេងក្រោមអាយុ ១៥ឆ្នាំទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 43
វីរុសកូរ៉ូណាមិនឆ្លងមកក្មេងក្រោមអាយុ ១៥ឆ្នាំទេ Professor Yazdan Yazdanpanah (C), head of the department of Tropical Infections and diseases RFI

បើផ្អែក​តាមតួលេខ​ដែលមាននាពេលនេះ ​កម្រិតគ្រោះថ្នាក់ដល់ស្លាប់ បង្កឡើង​ដោយមេរោគ​កូរ៉ូណាវីរុសប្រភេទថ្មី គឺមានត្រឹម២%។​ ចំណែក​កម្រិតចម្លងពីអ្នកផ្ទុកមេរោគម្នាក់ ទៅកាន់មនុស្ស​ផ្សេងទៀត គឺមានចន្លោះពី ២ ទៅ៣នាក់ប៉ុណ្ណោះ។ នេះបើផ្អែកតាមប្រសាសន៍ របស់លោក​សាស្ត្រា​ចារ្យវិជ្ជបណ្ឌិត យ៉ាសដានប៉ាណា អ្នកជំនាញ​នៅវិទ្យាស្ថានស្រាវជ្រាវវិជ្ជសាស្រ្តបារាំង។ មួយវិញទៀតនោះ តាមការសង្កេត គឺរហូតមកទល់ពេលនេះ ពុំមានក្មេងអាយុក្រោម១៥ឆ្នាំ មានផ្ទុកមេរោគនេះទេ។

លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត យ៉ាសដាន យ៉ាសដាន់ប៉ាណា (Yazdan Yazdanpanah) អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវវិជ្ជសាស្ត្រ​បារាំង(Inserm) និងជាប្រធាន​ផ្នែកជម្ងឺឆ្លង នៅមន្ទីរពេទ្យBichat ក្រុងប៉ារីស បានលើកឡើងថា គេអាចមានសង្ឃឹមខ្លះ ក្នុងការស្រាវជ្រាវរកថ្នាំព្យាបាលអ្នកជំងឺដែលផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដោយយកគម្រូតាម ថ្នាំដែលគេប្រើ​ក្នុងករណី​មេរោគអេដស៍ មេរោគអាបូឡា ឬមេរោគផ្តាសាយ Mers។

តែយ៉ាងណា លោកអះអាងថា សម្រាប់កាលៈទេសៈនេះ នៅមួយតួលេខច្រើនណាស់ ដែលគេត្រូវការ ទាក់ទិននឹងកូរ៉ូណាវីរុសប្រភេទថ្មី ដូចជាទំហំគ្រោះថ្នាក់ដល់ជីវិត ឬកម្រិតនៃការចម្លងជាដើម។ តែអ្វីដែលទំនងអាចជាដំណឹងល្អ គឺគេសង្កេតឃើញថា​ មេរោគកូរ៉ូណារីរុស ប្រហែលជាមិនឆ្លងទៅកាន់ក្មេងអាយុក្រោម១៥ឆ្នាំទេ។

មួយថ្ងៃក្រោយការប្រកាសអាសន្ន ​ជាលក្ខណៈអន្តរជាតិដោយអង្គការសុខភាពពិភពលោក ទាក់ទិននឹងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី មាន​ក្រុមអ្នកស្រាវជ្រាវវិជ្ជសាស្ត្រខ្លះ​ បានចាប់ផ្តើមស្រាវជ្រាវ រកថ្នាំព្យាបាល និងផលិត​វ៉ាក់សាំងបង្ការមេរោគផ្លូវដង្ហើមនេះ។ វិទ្យាស្ថានប៉ាស្ទ័ររបស់បារាំង បានបញ្ជាក់កាលពីថ្ងៃសុក្រទី៣១មករាថា គេបានបង្កើតក្រុមការងារមួយ ដើម្បីស្រាវជ្រាវធ្វើវ៉ាក់សាំង ឲ្យបានក្នុងរវាង២០ខែទៀត។

ពីមួយថ្ងៃទៅមួយថ្ងៃ យើងមានដំណឹងថ្មីរហូត តែនៅតែមានចំណុចខ្លះ ដែលយើងមិនទាន់ដឹងច្បាស់។ ឧទាហរណ៍ យើងមិនទាន់ដឹងច្បាស់ទេ ថាចាប់ពីថ្ងៃឆ្លងមេរោគ តើប៉ុន្មានថ្ងៃទើបចេញជាអាការៈជម្ងឺ? យើងចាប់ផ្តើមអាចស្មានបណ្តើរៗ ថាប្រហែលជាខ្ទង់៥ថ្ងៃ។ចុះចំណែកកម្រិតគ្រោះថា្នក់ដល់ស្លាប់ ដោយសារជម្ងឺនេះវិញ មានប៉ុន្មានដែរ? តួលេខនេះសំខាន់ណាស់ ព្រោះវានឹងអនុញ្ញាតឲ្យយើង ធ្វើការវាយបកទៅលើមេរោគវិញ ឲ្យឆាប់រហ័ស។ សម្រាប់ពេលនេះ យោងទៅលើតួលេខដែលយើងមាន គឺកម្រិតគ្រោះថ្នាក់ដល់ស្លាប់ ខ្ទង់ប្រហែលជា២%។ តែយើងកំពុងតាមដានទៀត ដោយប្រុងប្រយ័ត្ន ថាតើវា២%មែនឬយ៉ាងណា។ យើងត្រូវស្វែងយល់ ដឹងត្រង់ចំណុចនេះឲ្យបាន។ទាក់ទិននឹងកម្រិតនៃការឆ្លងរាលដាល ពីអ្នកជំងឺម្នាក់ ទៅមនុស្សផ្សេងៗទៀត ក៏យើងត្រូវតាមដានដែរ ចង់ដឹងថាមនុស្សម្នាក់ដែលមានផ្ទុកមេរោគ អាចចម្លងទៅមនុស្សប៉ុន្មាននាក់។ ឧទាហរណ៍ ក្នុងករណីដែលគ្មានវិធានការទប់ស្កាត់សោះ ក្នុងករណីជំងឺកញ្ជ្រឹល គឺអត្រាឆ្លងមានប្រហែលចន្លោះ ពី១៥ ទៅ ២០នាក់។ ក្នុងករណីមេរោគសារស៍ គឺមានកម្រិតឆ្លងត្រឹម២នាក់ ហើយក្នុងករណីមេរោគផ្តាសសាយធម្មតា គឺមានកម្រិត ពី១នាក់ ទៅ២នាក់។ ចំពោះមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះវិញ តាមស្មានប្រហែលចន្លោះ ពី២ទៅ៣នាក់។ តួលេខចុងក្រោយបង្ហាញថាកម្រិតឆ្លងប្រហែល២,២។ មានន័យថា កម្រិតចម្លងរបស់កូរ៉ូណាវីរុសប្រភេទថ្មីនេះ វាខ្លាំងជាងមេរោគជំងឺសារស៍ ឬមេរោគផ្តាសាយធម្មតាបន្តិច។ តើបើប្រៀបនឹងមេរោគ កញ្ជ្រឹល គឺវាខ្សោយជាងមេរោគកញ្ជ្រឹលខ្លាំងណាស់។មានចំណុចមួយទៀត ដែលអ្នកជំនាញយើង កំពុងតែតាមដានដែរ ហើយជាចំណុចសំខាន់ ព្រោះយើងបានសង្កេតឃើញចំណុចនេះរួចមកហើយ ក្នុងករណីកូរ៉ូណាវីរុសប្រភេទមុនៗ។ ចំណុចនោះគឺថា ផ្អែកលើទិន្នន័យដែលយើងមានមកត្រឹមពេលនេះ គឺពុំមានក្មេងអាយុក្រោម១៥ឆ្នាំណា បានឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះទេ។ មានករណីដាច់ដោយឡែកមួយៗ ដែលថាមានក្មេងឈឺ តែជាទូទៅ គឺថាយើងសង្កេតឃើញថា ក្មេងអាយុក្រោម១៥ឆ្នាំ ប្រឈមតិចបំផុតនឹងមេរោគនេះ។ មូលហេតុអី យើងមិនទាន់ដឹងច្បាស់ទេ។ វាអាចថាក្មេងក្រោម១៥ឆ្នាំ មានអ្វីម្យ៉ាងក្នុងខ្លួន ដែលអាចទប់មេរោគនេះ ឬក៏ធ្វើឲ្យមិនបញ្ចេញ នូវអាការៈជម្ងឺក៏ថាបាន។កន្លងមកយើងបានសង្កេតឃើញស្រដៀងគ្នានេះរួចហើយ ក្នុងករណីជំងឺសារស៍ (Sars) និងជំងឺមឺស (Mers) ដែលមេរោគវាមិនឆ្លងទៅកាន់ក្មេងៗទេ។ ដូច្នេះតួលេខនេះសំខាន់ណាស់ ហើយវាក៏ធ្វើឲ្យយើងទុកចិត្ត និងមិនសូវភ័យបារម្ភពេកដែរ។

RFI

អត្ថបទទាក់ទង