លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ក្នុងការទប់ស្កាត់នៃជំងឺកូវីដ-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតឱ្យជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ លោកបានហៅព្រឹត្តិការណ៍នៃការចម្លងមកភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។
លើសពីនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ត្រូវសាមគ្គីភាពគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ទាំងអស់គ្នា ហើយពេលនេះមិនមែនជាពេលដែលត្រូវចោទដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ៕