ខ្មែរប៉ុស្ដិ៍ Close

ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី ឆ្នាំមុន គឺជាការប៉ុនប៉ងធ្វើ «រដ្ឋប្រហារ» ជាអំពើវិទ្ធង្សនា និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី ឆ្នាំមុន គឺជាការប៉ុនប៉ងធ្វើ «រដ្ឋប្រហារ» ជាអំពើវិទ្ធង្សនា និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី ឆ្នាំមុន គឺជាការប៉ុនប៉ងធ្វើ «រដ្ឋប្រហារ» ជាអំពើវិទ្ធង្សនា និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំមុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

នៅពេលនោះ មនុស្សមួយក្រុម ដែលប្រើប្រាស់នាមជាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាអង្គការខុសច្បាប់ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងទៅនឹងអ្វីដែលគេហៅថា «ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៉ី» នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងយុត្តិធម៌ បានពិនិត្យតាមដាន និងសិក្សាដោយយកចិត្តទុកដាក់ចំពោះករណីខាងលើនេះ និងបានពិនិត្យឃើញថា ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី ខាងលើ ពុំមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

តាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា៖

ទី១៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ទី២៖ ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី «បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួម ក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី៣៖ ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំងនឹងសាលដីការបស់តុលាការកំពូលផងខុសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។

ទី៤៖ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។

ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

ក្រសួងយុត្តិធម៌ ក៏អំពាវនាវជូនដល់ជនរួមជាតិ កុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព។

សូមជំរាបថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៉ី និងបក្ខពួក៨នាក់ទៀត ពាក់ព័ន្ធនឹងសំណុំរឿង «ឧបឃាត»។ លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត ដែលក្នុងនោះមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលត្រូវបានតុលាការចេញដីកាបិទប្រកាសឱ្យចូលខ្លួនមក កាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង