ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ ការភាន់ច្រឡំដោយភាពល្ងង់ខ្លៅនាំមកនូវក្តីវិនាស!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 50
ទស្សនៈកូនខ្មែរ៖ ការភាន់ច្រឡំដោយភាពល្ងង់ខ្លៅនាំមកនូវក្តីវិនាស! ទស្សនៈកូនខ្មែរ៖ ការភាន់ច្រឡំដោយភាពល្ងង់ខ្លៅនាំមកនូវក្តីវិនាស!

លោក សម រង្ស៊ី និងអ្នកជំនិតមួយក្តាប់តូច រួមទាំងពពួកចចេសផ្កាប់មុខមួយចំនួនផងដែរនៅតែបន្តភាន់ច្រឡំដោយគំនិត ល្ងង់ខ្លៅដដែលងើបមុខមិនរួច។ ដំបូងពួកគេភាន់ច្រឡំថា ឲ្យតែហ៊ានរំលាយបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋស្ទើរកន្លះនគរនឹងងើបតវ៉ាវឹកវរពេញផ្ទៃប្រទេសជាមិនខាន។ កាលណោះ គេនៅចាំបានថា លោក សម រង្ស៊ី ថែមទាំងពន្យុះឲ្យតុលាការរំលាយគណបក្សសង្គ្រោះជាតិអោយកាន់តែឆាប់កាន់តែល្អ។ ការពន្យុះបែបនេះក៏ព្រោះតែលោក សម រង្ស៊ី រំពឹងថា ការរំលាយបក្សសង្គ្រោះជាតិ នឹងជំរុញឲ្យគោលដៅធ្វើបដិវត្តន៍ពណ៌របស់ខ្លួនសម្រេចដូចបំណង។
ដល់ពេលតុលាការប្រកាស រំលាយបក្សសង្គ្រោះជាតិ ស្ថានការណ៍ស្ងប់ស្ងាត់ឈឹងគ្មានអ្វីកើតឡើងទាល់តែសោះ។ ពលរដ្ឋទូទៅប្រកបរបររកទទួលទានធម្មតារៀងៗខ្លួន ដោយគ្មានអ្នកណាអើពើរឿង រំលាយបក្សសង្គ្រោះជាតិឡើយ។ បញ្ហានេះបានធ្វើឲ្យលោក សម រង្ស៊ី និងគូកន ស្រឡាំងកាំង ភាន់ភាំងស្មារតីរកគិតអ្វីមិនយល់។ អេង ឆៃអ៊ាង ធ្លាប់បានសារភាពរឿងនេះប្រាប់អ្នកគាំទ្រនៅស្រុកបារាំងដោយការខកចិត្តបំផុត។ ភាពស្ងប់ស្ងាត់ក្រោយការរំលាយបក្សសង្គ្រោះជាតិក៏ត្រូវបានអ្នកកាសែតបារាំងលើកទៅចោទសួរលោក សម រង្ស៊ី ដែរដោយសួរបែបជាន់កែងលោក សម រង្ស៊ី ថា តើភាព ស្ងប់ស្ងាត់នេះមានន័យថា ពលរដ្ឋខ្មែរយល់ព្រមចំពោះការរំលាយបក្សសង្គ្រោះជាតិ?
ដោយសារតែភាពស្រឡាំងកាំង និងគំនិតនយោបាយរាក់កំផែល លោក សម រង្ស៊ី ស្រាប់តែប្រញាប់ប្រញាល់ទៅប្រកាស បង្កើតចលនាសង្គ្រោះជាតិ ដោយរំពឹងថា ចលនានេះអាចជួយឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី ២៩ កក្កដា នេះ។ លោក សម រង្ស៊ី ក៏រំពឹងដែរថា ពេលនោះអំណាចរបស់បក្សសង្គ្រោះជាតិនឹងត្រូវធ្លាក់មកលើកណ្តាប់ដៃរបស់ខ្លួនឡើងវិញក្រោយពីបានកាន ក្តាប់ដោយភាគីលោក កឹម សុខា មួយរយៈមក។ មានឯណា អ្វីៗសុទ្ធតែជាការភាន់ច្រឡំទាំងអស់។ ចលនាសង្គ្រោះជាតិមិនបានជួយបក្សសង្គ្រោះជាតិឲ្យរស់ឡើងវិញឯណា? ផ្ទុយទៅវិញ ចលនាសង្គ្រោះជាតិបែរជាធ្វើឲ្យអតីតមន្ត្រី និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិបែកបាក់ខ្ទេចខ្ទីអស់រលីង។ ចូលរួមបោះឆ្នោតក៏មិនបាន បក្សក៏រលាយបាត់ អ្នកគាំទ្រក៏បែកបាក់ហើយ
ក្រោយមក លោក សម រង្ស៊ី ក៏បំភ្លេចចលនាសង្គ្រោះជាតិ ចោលវិញដោយឯកឯង។
ការភាន់ច្រឡំដ៏ធំមួយទៀតរបស់លោក សម រង្ស៊ី និងគូកនមួយក្តាប់តូចនោះគឺ ពួកគេរំពឹងថា អវត្តមានបក្សសង្គ្រោះជាតិពីឆាកនយោបាយធ្វើឲ្យបក្សប្រជាជនកម្ពុជាឯកោ ហើយរៀបចំការបោះឆ្នោតតែម្នាក់ឯងដោយគ្មានគណបក្សណាចូលរួមឡើយ ហើយក៏គ្មានសហគមន៍អន្តរជាតិណាចូលរួមគាំទ្រដែរ។ ប៉ុន្តែ ជាថ្មីម្តងទៀត ស្ថានការណ៍កើតឡើងផ្ទុយស្រឡះពីការគិតដោយការភាន់ច្រឡំរបស់លោក សម រង្ស៊ី។ ទីបំផុត គណបក្សនយោបាយដល់ទៅ ២០ បានចុះឈ្មោះប្រកួតដែលធ្វើឲ្យភាព ប្រកួតប្រជែងមានលក្ខណៈ ទូលំទូលាយជាងកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដែល មានគណបក្សសង្គ្រោះជាតិ ចូលរួមទៅទៀត។ ចំណែក ប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតនៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដដែល។ ដោយសារការភាន់ ច្រឡំនិងការវង្វេងភាន់ស្មារតីនេះហើយបានជាពួកអតីតបក្សសង្គ្រោះជាតិមួយក្តាប់តូចនៅតែខិតខំដើរស្រែកឡែឡែពីមុខ ស្ថានទូតជប៉ុននៅឯបរទេសដោយមិនចេះអៀនខ្មាស។
ខាងមុខនេះ លោក សម រង្ស៊ី និងគូកន នឹងខកចិត្តស្ទើរក្អួតឈាមម្តងទៀតនៅពេលដែល ពលរដ្ឋខ្មែរភាគច្រើនលើសលប់នឹងចេញទៅបោះឆ្នោតនៅថ្ងៃ ២៩ កក្កដា ខាងមុខដោយមិនខ្វាយខ្វល់ពីសម្រែកឡែឡែដូចតុកកែក្នុងរូងឈើរបស់ពួកគេ។ ពេលនោះ លោក សម រង្ស៊ី និងគូកនមួយក្តាប់តូចនោះនឹងភ្ញាក់ខ្លួនក្រញ៉ាងដូចខ្មោច ៧ថ្ងៃពីព្រោះ អ្វីដែលពួកគេគិតសុទ្ធតែជាការភាន់ច្រឡំទាំងអស់ គឺភាន់ច្រឡំដោយគំនិតល្ងង់ខ្លៅរបស់ខ្លួនដែលមើលមិនឃើញការពិត មុជមិនជ្រៅទៅមិនឆ្ងាយ ហើយគិតអ្វី ធ្វើអ្វីខុសតែរហូតដោយសារតែការតាំងខ្លួនជាអ្នកចេះ៕

អត្ថបទទាក់ទង