ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប រួមគ្នាការពារ និងអភិរក្សបឹងទន្លេសាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប រួមគ្នាការពារ និងអភិរក្សបឹងទន្លេសាប អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប រួមគ្នាការពារ និងអភិរក្សបឹងទន្លេសាប

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប និងបងប្អូនប្រជាពលរដ្ឋរស់នៅ តាមសហគមន៍នានា នៅលើបឹងទន្លេសាប រួមគ្នាការពារ និងអភិរក្សបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេ លើពិភពលោកពីការបំពុលដោយប្លាស្ទិក។

ការគូសបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសលោកចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹក សម្រកប្រចាំឆ្នាំ២០២០ ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលបានប្រារព្ធធ្វើឡើងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៦៧៩នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួន ២,៣១៩គ្រួសារ និងពលរដ្ឋចំនួន ជាង៤០០នាក់ផ្សេងទៀត ចូលរួមក្នុងកម្មវិធីរួមគ្នា។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០៖ បរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោន ក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើងវិញមានប្រមាណ ១០៣តោន ក្នុងថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន ៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ ២៤១តោន ក្នុងថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ ១៦២តោន ក្នុងថ្ងៃ ដែលបានដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ។

ក្នុងឱកាសនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា សំណល់ប្លាស្ទិកជិត ២០០តោន ត្រូវបានទប់ស្កាត់ និងប្រមូលចេញមិនឱ្យហូរចូលបឹងទន្លេសាបក្នុងមួយឆ្នាំៗ នៅភូមិសាស្ត្រខេត្តសៀមរាប។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមជំរុញនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំដុតសំណល់សំរាម និងកុំបោះចោលសំណល់ផ្តេសផ្តាស ជាពិសេសសំណល់ប្លាស្ទិកចូលទៅក្នុងបឹងទន្លេសាប ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ល្អប្រសើរ ជីវៈចម្រុះគ្រប់ប្រភេទនៅបឹងទន្លេសាប ត្រូវបានការពារ មិនបំពុលដោយមីក្រូប្លាស្ទិក ដែលកើតពីការរលាយសារធាតុប្លាស្ទិក ក្នុងទឹកហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប។

លោកឱ្យដឹងថា ការប្រារព្ធពិធីមួយថ្ងៃមុនការប្រារព្វជាផ្លូវការ ទិវាអនាម័យបរិស្ថានជាតិ នៅទូទាំងប្រទេសកម្ពុជាដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២៣ ខែវិច្ឆិការៀងរាល់ឆ្នាំ។ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់ភូមិសិក្សា ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារសំដៅរួមចំណែកកសាងសង្គមកម្ពុជា មានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនៅថ្ងៃនេះ ដើម្បីបំផុស ចលនាឱ្យប្រជាពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាប ទទួលរងនូវការបំពុលដោយសំរាម ជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបន្ថែមថា ទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទិក ដែលទាំងសហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានា ចាក់ចូលមកក្នុងបឹងទន្លេសាប។ ហេតុផលដែលថាថង់ប្លាស្ទិក ត្រូវបានគេចាត់ទុកថា ជាការបំពុលដល់បរិស្ថាន ព្រោះ
ថាវាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែកសារធាតុ មានន័យថា សំណល់ប្លាស្ទិក គឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖ ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះ នៅក្នុងទឹកជាពិសេសមច្ឆជាតិ អាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារតែពួកគេគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ, ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមី ពុលអាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី, នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗ អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារ តែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិក។

ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកានេះ ក៏ជាការចាប់ផ្តើមបើកយុទ្ធនាការប្រមូលយកសំរាមប្លាស្ទិក នារដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០២០ ដែលជាការចូលរួមសហការរៀបចំ រវាងមន្ទីរបរិស្ថានខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) ជាមួយដៃគូម្ចាស់ជំនួយអង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ (Ocean Recovery Alliance)។
យុទ្ធនាការនេះមានប្រជាសហគមន៍ចូលរួមសរុបជិត ៥,០០០នាក់ នៅតាមសហគមន៍ចំនួនប្រាំ ដែលនៅជាប់មាត់បឹងទន្លេសាប និងដងស្ទឹងសៀមរាបផ្នែកខាងក្រោម ដែលក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានរួមគ្នាសរុបចំនួន ២,៤៥០នាក់ និងសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួនប្រមាណ ២,៥០០គ្រួសារផ្សេងទៀត។

បើតាមលោក ស៊ា សុផល ប្រធានអង្គការមូលនិធិ ទំពាំងស្នងឫស្សី និងក្រុមយុវជនមេត្រីភាពបរិស្ថាន បានថ្លែងថា កម្មវិធីគ្រោងរៀបចំរយៈពេលមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី២២ ដល់ ២៨ វិច្ឆិកា ឆ្នាំ២០២០។ យុទ្ធនាការនេះធ្វើឡើងតាមបណ្ដាសហគមន៍ជាប់បឹងទន្លេសាប ចាប់ពីតំបន់ឃុំកំពង់ឃ្លាំង កំពង់ភ្លក់ ចុងឃ្នៀស ស្ទឹងសៀមរាប និងសហគមន៍មេជ្រៃ។ កម្មវិធីសំខាន់ក្នុងការប្រារព្ធទិវានេះ គឺផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ការទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ។ កម្មវិធីបរិស្ថានទាំងមូលនឹងផ្តោតជាសំខាន់ ក្នុងការប្រមូលសំរាមយកតែប្លាស្ទិកប៉ុណ្ណោះ។

លោកបានបន្តថា ប្លាស្ទិក គឺជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស សត្វ។ ប្លាស្ទិកដែលប្រមូលបាន នឹងយកទៅកែច្នៃជាឥដ្ឋបរិស្ថាន ដែលអង្គការមូលនិធិទំពាំងស្នងឫស្សីបានរៀបចំឡើងក្នុងសហគមន៍។ យុទ្ធនាការប្រមូលយកសំណល់ប្លាស្ទិកប្រចាំឆ្នាំ នារដូវទឹកសម្រក និងរដូវទឹកឡើងបឹងទន្លេសាប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ យ៉ាងទៀងទាត់ក្នុងអំឡុងខែ វិច្ឆិកា នៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមស្រកដកថយទៅវិញ និងក្នុងអំឡុង ខែមិថុនានៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមឡើង ហូរចូលមកវិញ ដែលមានប្រជាសហគមន៍ចូលរួមម្តងៗ រាប់ពាន់នាក់ ក្នុងគោលបំណងចូលរួមអភិរក្សជីវចម្រុះបឹងទន្លេសាបយើងទាំងអស់គ្នា៕

អត្ថបទទាក់ទង