ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធកីឡាហុកគីកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯក នាចុងខែធ្នូ ឆ្នាំ២០២០

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 62
សហព័ន្ធកីឡាហុកគីកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯក នាចុងខែធ្នូ ឆ្នាំ២០២០ សហព័ន្ធកីឡាហុកគីកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯក នាចុងខែធ្នូ ឆ្នាំ២០២០

សហព័ន្ធកីឡាហុកគីកម្ពុជាបានប្រកាសពីការរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំដែលគ្រោងនឹងធ្វើឡើង នាចុងខែធ្នូ ឆ្នាំ២០២០ ដើម្បីផ្តល់ឱកាសជូនដល់បណ្តាក្លឹបនានាក្រោមចំណុះរបស់ខ្លួនបានចូលរួមប្រកួត ប្រជែងមេដាយ ក៏ដូចជាបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនី ដើម្បីត្រៀមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជាបញ្ជាក់ជូនថា ការរៀបចំការប្រកួត ជើងឯកកីឡាហុកគីប្រចាំឆ្នាំគឺជាថវិកាផ្ទាល់របស់សហព័ន្ធខ្លួនឯង ដែលជាការប្រកួតសំខាន់ប្រចាំឆ្នាំមិន អាចខ្វះបាន ដើម្បីពង្រឹងសិទ្ធផលដល់កីឡាករ កីឡាការិនីហុកគីទាំងអស់ ដែលបានខិតខំហ្វឹកហាត់នាពេលកន្លងមក។

អគ្គលេខាធិការរូបនេះលើកឡើងបន្ថែមថា បច្ចុប្បន្ន បណ្តាក្លឹបហុកគីកំពុងតែហ្វឹកហាត់បង្កើនការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតជើងឯក នាចុងខែធ្នូ ឆ្នាំ២០២០ ដោយសហព័ន្ធនឹងរៀបចំវិញ្ញាសាបុរស-នារី ក្នុងសាល (Indoor) ដោយស្នើសុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទីលានប្រកួត ក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ក្លឹបហុកគី ដែលនឹងចូលរួមប្រកួតប្រជែងមេដាយ ដូចជា PSE, Tunder, Hockey Field រួមទាំងក្លឹបនៅខេត្តកំពង់ចាម និងខេត្តកំពង់ធំទៀតផង។

ដោយឡែកទាក់ទងនឹងការចូលរួមប្រកួតអន្តរជាតិថ្នាក់តំបន់អាស៊ីអាគ្នេយ៍វិញ លោកសង្កត់ធ្ងន់ថា ប្រភេទកីឡាហុកគីមិនមាននៅក្នុងបញ្ជី ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនោះទេ ដោយសារនៅក្នុងបញ្ជីប្រភេទកីឡានានាបឋមមិនមានកីឡាហុកគីនេះទេ។

អគ្គលេខាធិការរូបនេះសម្តែងការសោកស្តាយ ដែលប្រភេទកីឡាហុកគីកម្ពុជាមិនអាចចូលរួមប្រកួតបង្កើនគុណភាពបច្ចេកទេសលើឆាកអន្តរជាតិបាន ដោយសារម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ មិនដាក់ប្រភេទកីឡាហុកគីឱ្យចូលរួមប្រកួត។ លោកសង្គេតឃើញថា កីឡាហុកគីវៀតណាមមិនសូវមានសក្តានុពលខ្លាំងដូចបណ្តាប្រភេទ កីឡាផ្សេងៗ ដូច្នេះហើយទើបគេមិនដាក់បញ្ជូល ប៉ុន្តែទោះយ៉ាងនេះក្តី ក៏រង់ចាំបន្តទៀត នៅក្នុងខែ ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ សម្រាប់ការកំណត់ក្នុងបញ្ជីប្រភេទកីឡាចុងក្រោយ។ ប្រភេទកីឡាហុកគីធ្លាប់បានចូលរួមប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ចំពោះគោលដៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺកីឡាហុកគីស្ថិតនៅក្នុងចំណោមជាង១០ប្រភេទកីឡាផ្សេងទៀត ក្នុងចង្កោមប្រភេទកីឡាទី៣ ដែលត្រៀមជ្រើសរើសដាក់បញ្ជូល ខណៈទី១ជាប្រភេទកីឡានានាតាមការកំណត់ ដែលម្ចាស់ផ្ទះត្រូវតែដាក់បញ្ជូល និងប្រភេទទី២ គឺជាប្រភេទកីឡាដែលមានសក្តានុពល ដែលគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់ជាផែនការយុទ្ធសាស្រ្តរបស់ខ្លួន៕

អត្ថបទទាក់ទង