ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវអោយប្រជាពលរដ្ឋដេកក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវអោយប្រជាពលរដ្ឋដេកក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់ អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវអោយប្រជាពលរដ្ឋដេកក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឃុំក្ដុលសែនជ័យ ស្រុកទឹកផុស អោយរស់នៅត្រូវមានអនាម័យ និងត្រូវដេកក្នុងមុងជានិច្ច ដើម្បីការពារកុំអោយកើតមានជំងឹគ្រុនចាញ់។ លោកបានមានប្រសាសន៍អំពាវនាវបែបនេះ នៅក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលបានប្រារព្ធធ្វើនៅភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលបានប្រារព្ធឡើងពេលនេះ ក្នុងគោលបំណងពញ្ញាក់ស្មារតីបងប្អូនប្រជាពលរដ្ឋអោយចូលរួមក្នុងវិធានការការពារ និងរំលឹកនូវសកម្មភាពអន្តរាគមន៍ចំបងៗ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅកម្ពុជានាឆ្នាំ២០២៥។

លោក ឈួរ ច័ន្ទឌឿន បញ្ជាក់ថា ថ្វីត្បិតតែជំងឺដ៏កាចសាហាវនេះ បានសម្លាប់ប្រជាពលរដ្ឋរៀងរាល់ឆ្នាំ តែយើងអាចការពារបាន ដោយធ្វើយ៉ាងណាកុំអោយមូសខាំ ដែលជាវិធីពិសេសមានប្រសិទ្ធភាពនោះ គឺយើងត្រូវដេកក្នុងមុងជានិច្ចទោះនៅផ្ទះឬនៅក្នុងព្រៃក៏ដោយ។ ករណីមានការសង្ស័យថា ខ្លួនមានជំងឺគ្រុនចាញ់ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា យោងតាមទិន្នន័យសុខាភិបាលឆ្នាំ២០១៧ នៅទូទាំងប្រទេសមានករណីជំងឺគ្រុនចាញ់សរុបចំនួន ៤៥,៩៩១ករណី និង ស្លាប់១ករណី ។ ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង មានករណីគ្រុនចាញ់សរុប២,៤២២ករណី ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានចែកមុងជ្រលក់ថ្នាំជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះផងដែរ៕

អត្ថបទទាក់ទង