ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២ករណីទៀត ដែលជាករណីនាំចូល និងមិនមានករណីជាសះស្បើយថ្មីនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 384
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២ករណីទៀត ដែលជាករណីនាំចូល និងមិនមានករណីជាសះស្បើយថ្មីនោះទេ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២ករណីទៀត ដែលជាករណីនាំចូល និងមិនមានករណីជាសះស្បើយថ្មីនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ២ករណីបន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី ដែលបានធ្វើតេស្តរកវីរុសកូវីដ១៩ដំណាក់កាលទីមួយ សរុបកើនដល់ ៩៤៤នាក់ ។

អ្នកដែលរកឃើញមានផ្ទុកវីរុសកូវីដ១៩ថ្មីនោះមានដូចជា៖

  • បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
  • បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិរាំងដេក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ

ពួកគេទាំងពីរនាក់នេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ ពួកគេទាំងពីរនាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ក្នុងការធ្វើតេស្តលើកទី២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គេ។

ក្រសួងបានអំពាវនាវអោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនិងគណប្រតិភូប្រទេស ហុង គ្រី និងទទួលបានលទ្ធផលតេស្តអវិជ្ជមាននៅលើកទីមួយ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះអោយបានត្រឹមត្រូវ និងនៅសណ្ឋាគារឡឺរ៉េស៊ីដង់ដែលក្រសួង និងអាជ្ញាធរបានកំណត់សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះបាន។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៧នាក់ (ស្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះ ចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ កើនដល់ ៩នាក់៕

បញ្ចេញមតិ

អត្ថបទទាក់ទង