សម្តេចតេជោជំរុញស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
ភ្នំពេញ៖សម្តេចតេជោជំរុញឱ្យស្ថាប័នពាក់ព័ន្ធ បន្តលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភសំដៅរួមចំណែកលើកកម្ពស់សុខភាពជីវភាពរបស់ប្រជាពលរដ្ឋ។ក្នុងសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នៅថ្ងៃទី ៦ ខែ វិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និងអនុវត្តសកម្មភាពរបស់ខ្លួនតទៅទៀត ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ តាមរយៈការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព សំដៅរួមចំណែកលើកកម្ពស់សុខភាព ជីវភាពរស់នៅ និងធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារ។ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងដាំដំណាំបន្លែ ផ្លែឈើចម្រុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព
និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។
សារលិខិតដដែលបានបញ្ជាក់ទៀតថា ការបង្កើនគុណភាពសុវត្ថិភាព និងអាហារូបត្ថម្ភលើផលិតផលស្បៀងអាហារ គឺដើម្បីលើកកម្ពស់អាហារសុខភាព តាមរយៈជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អ ។
សម្តេចតេជោក៏បានលើកទឹកចិត្តឱ្យបន្តឆ្លើយតបជួយជនក្រីក្រ និងជនងាយរងគ្រោះ ឱ្យទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភប្រកបដោយសមធម៌ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំនួយសង្គម ហើយជំរុញការចូលរួមរបស់យុវជនក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ ដូចជា ការទម្លាក់ព្រូនការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនជាដើម ។
បន្ថែមពីនេះទៀតត្រូវចលនាឱ្យយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព ៕