ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម ចុះស្រង់ទិន្នន័យគ្រួសារខ្វះស្រូវពូជ ឱ្យបានលម្អិត និងច្បាស់លាស់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 312
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម ចុះស្រង់ទិន្នន័យគ្រួសារខ្វះស្រូវពូជ ឱ្យបានលម្អិត និងច្បាស់លាស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម ចុះស្រង់ទិន្នន័យគ្រួសារខ្វះស្រូវពូជ ឱ្យបានលម្អិត និងច្បាស់លាស់

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានថ្លែងជំរុញដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវសហការជាមួយមន្ត្រីមូលដ្ឋានលើកិច្ចការតាមដានទៅលើគ្រួសារប្រជាកសិករណាដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដើម្បីទទួលបានស្រូវពូជ ដោយធ្វើការឧបត្ថម្ភស្រូវពូជស្មើៗគ្នា ក្នុងមួយគ្រួសារទទួលបានចំនួន ១០០គីឡូក្រាម។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលបន្តសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ និងម៉ាឡៃ ១ម៉ឺនគ្រួសារទៀត។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ខេត្តដែលទទួលរងនូវការខូចខាតពិតប្រាកដ ធ្ងន់ធ្ងរជាងគេនឹងទទួលបានស្រូវពូជច្រើន ហើយខេត្តដែលទទួលរងផលប៉ះពាល់តិច នឹងទទួលបានស្រូវពូជតិចជាង ដោយគិតទៅតាមស្ថានភាពជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រីថា ការផ្តល់ជំនួយនេះមិនមែនសម្រាប់តែខេត្តបន្ទាយមានជ័យទេ គឺត្រូវអនុវត្តនៅទូទាំងប្រទេសប្រកបដោយស្មើភាព សមធម៌ជូនប្រជាកសិករដោយឥតប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរអ្វីទាំងអស់ សំខាន់គឺការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងវិញ។

    ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យរដ្ឋមន្ត្រីកសិកម្ម សហការជាមួយមន្ត្រីមូលដ្ឋាន ក្នុងការចុះតាមដានស្រង់ស្ថិតិគ្រួសារដែលមានដីស្រែ ហើយទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅតាមភូមិ-ឃុំ ត្រូវភ្ជាប់របាយការណ៍ទិន្នន័យពីតួលេខឱ្យបានច្បាស់លាស់ជាក់លាក់ក្នុងការទទួលជំនួយឧត្ថម្ភស្រូវពូជពីរដ្ឋាភិបាល ជូនគ្រួសារប្រជាកសិករឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕