លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការឆ្លើយតបភ្លាមៗរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់ការអនុគ្រោះដល់ពលរដ្ឋរងគ្រោះពិតប្រាកដដោយសារជំនន់ទឹកភ្លៀង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការឆ្លើយតបភ្លាមៗរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់ការអនុគ្រោះដល់ពលរដ្ឋរងគ្រោះពិតប្រាកដដោយសារជំនន់ទឹកភ្លៀង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានឆ្លើយតបភ្លាមៗតាមការអំពាវនាវ លើការផ្តល់ភាពអនុគ្រោះយោគយល់ក្នុងការពន្យាពេលនៃការសងប្រាក់ ពិសេសការបន្ធូរបន្ថយនូវការប្រាក់ ទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដដោយសារតែជំនន់ទឹកភ្លៀង ពិសេសមិនត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះដោយវិបត្តិជំងីកូវីដ-១៩ និងជំនន់ទឹកភ្លៀង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «សមាគមមីក្រូហិរញ្ញវត្ថុ គេបានទទួលយកដោយការពេញចិត្តដើម្បីធ្វើការអធ្យាស្រ័យជាមួយអ្នកដែលរងផលប៉ះពាល់ដោយសារជំនន់។ អញ្ចឹងបានសេចក្តីថា បន្ទាប់ពីការថ្លែងការណ៍របស់នាយករដ្ឋមន្រ្តី នៅឯខេត្តបន្ទាយមានជ័យ វិទ្យុបាយ័នគេបានធ្វើការសម្ភាសន៍ជាមួយសមាគមមីក្រូហិរញ្ញវត្ថុគឺគេទទួលយក។ នោះហើយជាកាយវិការនៃការទទួលខុសត្រូវនិងការចូលរួមជួយគ្នាក្នុងគ្រាលំបាក»៕