លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ដែលបានធ្វើវីដេអូឃ្លីបអំពាវនាវឱ្យប្រជាពលដ្ឋខ្មែរចេញទៅបោះឆ្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស បើទោះបីមិនបានទៅចូលរួមបោះឆ្នោត តែបានធ្វើវីដេអូឃ្លីបអំពាវនាវឱ្យខ្មែរនៅក្នុងស្រុកចេញទៅបោះឆ្នោត ដែលជាការគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក បានថ្លែងថាការអំពាវនាវរបស់ខ្មែរនៅក្រៅប្រទេស គឺជារឿងត្រឹមត្រូវ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតការពារនូវសុខសន្តិភាព និងការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ម៉ោងនៅប្រទេសកម្ពុជាក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងបងប្អូនខ្មែរមកពីប្រទេសកាណាដា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកសរុបប្រមាណចំនួន២ពាន់នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនខ្មែរនៅក្រៅប្រទេសថា លោកមិនអនុញ្ញាត និងមិនអត់ឱនឱ្យនរណាម្នាក់ ដែលនាំកម្ពុជាទៅរកភ្លើងសង្គ្រាមជាថ្មីនោះឡើយទោះក្នុងតម្លៃណាក៏ដោយ។ លោកបានថ្លែងថា លោកឆ្អែតឆ្អន់ហើយចំពោះភ្លើងសង្គ្រាមរហូតត្រូវពិការភ្នែកម្ខាងថែមទៀតផងដែរដូច្នេះលោក មិនចង់ឃើញសង្គ្រាមបំផ្លាញកម្ពុជាកើតឡើងជាថ្មីនោះឡើយ៕