ខ្មែរប៉ុស្ដិ៍ Close

ថ្នាក់ដឹកនាំក្រសួងអប់រំ ចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១០+ជប៉ុន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ នគរគំនិត 56
ថ្នាក់ដឹកនាំក្រសួងអប់រំ ចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១០+ជប៉ុន ថ្នាក់ដឹកនាំក្រសួងអប់រំ ចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១០+ជប៉ុន

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ានលើកទី១០+ជប៉ុន (10th ASEAN Senior Officials Meeting on Sport + Japan) តាមរយៈកិច្ចប្រជុំវីដេអូអនឡាញ​ដែលបានធ្វើ​ឡើង​រយៈពេល៣ថ្ងៃ និងបានបញ្ចប់កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងក្រោយ​បញ្ចប់​​​កិច្ច​ប្រជុំនេះ​ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំក្រុមការងារប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ទី១-កិច្ចពិភាក្សាគ្នាលើអាស៊ានពិភាក្សាពីការដេញថ្លៃទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នាឆ្នាំ២០៣៤។

ទី២-អាស៊ានកំពុងធ្វើគម្រោងចុះ MOU ជាមួយ World Anti-Doping Agency ដើម្បីពង្រឹងបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងវិស័យកីឡា និងទី៣-អាស៊ានបាន​ជជែក​អំពី​ផែនការសកម្មភាពទៅមុខទៀត ក៏ដូចជាផែនការការងារកីឡាអាស៊ាន ឆ្នាំ២០២១-២០២៥ ផងដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា នៅក្នុងកិច្ចប្រជុំអនឡាន អាស៊ានបូកជប៉ុន លើកទី១០នេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាក៏បានលើកបង្ហាញជូនអាស៊ាននូវផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ នៃវិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែឯកឧត្តមក៏បានបង្ហាញនូវ​ដំណោះស្រាយ​របស់​កម្ពុជា ដែលយើងបានធ្វើ ដែលបានធ្វើឱ្យបណ្តាប្រទេសអាស៊ានបានកោតសរសើរ ជាពិសេសគឺលើការ​គ្រប់គ្រងទប់ស្កាត់ទាន់ពេលវេលានូវជំងឺផ្លូវដង្ហើមនៅកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន។

ឯកឧត្ដមបានបន្ដថា នៅក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ក្រុមឧត្តមមន្ត្រីកីឡាជាមួយជប៉ុន ដែលយើងបានឯកភាពគ្នាទៅលើផែនការនានា ក៏ដូចជាសម្តែងនូវអំណរគុណចំពោះគ្នាទៅវិញទៅមកនូវ​ទំនាក់​ទំនងជាមួយគ្នា។ ម្យ៉ាងទៀត កម្ពុជាបានថ្លែងអំណរគុណជាផ្លូវការចំពោះបេដូងមាស JICA និងប្រទេសជប៉ុន ដែលបានសហការជួយអភិវឌ្ឍន៍វិស័យកីឡារបស់កម្ពុជា ក៏ដូចជាជួយដល់ការហ្វឹកហាត់​របស់​កីឡាកម្ពុជា ដូចជាកីឡាការ៉ាតេ ទូក យូដូ ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីត្រៀមលក្ខណៈ​កាន់តែ​ប្រសើរ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម សុខ សប្បាយណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ​ទទួលបានជោគ​ជ័យ ដោយយើងបានចែករំលែកបទពិសោធន៍ ក៏ដូចជាបានរៀនសូត្របន្ថែមពីបណ្តាប្រទេស​អាស៊ានទាំង​១០ផ្សេងទៀត ព្រមទាំងជប៉ុនផងដែរ៕

អត្ថបទទាក់ទង